ក្នុងនាមជាអ្នកតំណាងឆ្នាំចាស់ អ៊ិន លក្ខិណា បានយកបាច់ផ្កាមកជូន ផន ស្រីពី ក្នុងពេលនាងចេញទៅប្រកួតនៅលើទឹកដីវៀតណាមដោយសារតែនាងជាប់ការងារទើបមិនអាចមកជូនដំណើរដោយផ្ទាល់បាន។ ក្នុងនោះគេសង្កេតឃើញថា ប៊ី សុធារី បានជូនពរនាងដូចគ្នា ខណៈ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានមកជូនដំណើរ Miss Cosmo Cambodia 2025 ដោយផ្ទាល់។.png)
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ផន ស្រីពី បានហោះទៅប្រទេសវៀតណាម ដោយសារតែមានការផ្លាស់ប្តូរជើងហោះហើរដោយដំបូងគ្រោងធ្វើដំណើរនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យបវរកញ្ញា អ៊ិន លក្ខិណា ក៏អាក់ខានមិនបានមកជូនដំណើរដោយផ្ទាល់ផងដែរដោយសារតែនាងជាប់ថត។ ដ្បិតថាមិនអាចមកជូនដំណើរ ស្រីពី នៅព្រលានយន្តហោះ អ៊ិន លក្ខិណា បានស្កាត់យកបាច់ផ្កាមកជូនអ្នកតំណាងប្រទេសកម្ពុជាមុននឹងនាងឡើងយន្តហោះ។
នៅលើបណ្តាញសង្គម អ៊ិន លក្ខិណា បាននិយាយថានាងពិតជាចង់ទៅជូនដំណើរ ស្រីពី ណាស់ប៉ុន្តែការធ្វើដំណើរមានការផ្លាស់ប្ដូរដោយនាងមិនបានដឹងជាមុន។ ជាអ្នកតំណាងកម្ពុជាឆ្នាំចាស់ អ៊ិន លក្ខិណា បានសម្តែងការយល់ចិត្តមកកាន់ ផន ស្រីពី ព្រោះនាងដឹងថាដំណើររបស់ ស្រីពី មួយនេះគឺរាងពិបាកបន្តិចហើយសម្រាប់នាង។ Miss Cosmo Cambodia 2024 បាននិយាយថា នាងឃើញពីការខំប្រឹងរបស់ Miss Cosmo Cambodia 2025 ដោយ លក្ខិណា បានជូនពរឱ្យ ស្រីពី ជោគជ័យនៅក្នុងភារៈកិច្ចមួយនេះ និងបានផ្តាំផ្ញើថាត្រូវបំពេញដំណើរមួយនេះដោយស្នាមញញឹម ភាពជឿជាក់ ហើយនាងជឿជាក់ថា ស្រីពី នឹងធ្វើវាបានយ៉ាងល្អបំផុត។
ទង្វើរបស់ អ៊ិន លក្ខិណា គឺបានបង្ហាញសកម្មភាពដ៏គំរូមួយក្នុងនាមជាអ្នកតំណាងឆ្នាំចាស់ដែលផ្តល់ការលើកទឹកចិត្ត គាំទ្រ អ្នកតំណាងថ្មីដែលស្ពាយឈ្មោះប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ៕










