ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសម្រេចចិត្តផ្លាស់ប្តូររូប Cover នៅលើបណ្តាញសង្គមហ្វេកប៊ុកជារូបភាពថ្ងៃដែលនាងទទួលបានមកុដដែលបំពាក់ដោយ ប្រាសាទ ដាវីន។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានដាក់រូប Cover នៃឈុតតំណាងជាតិ «ចាប៉ីមាស» ក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃ។ មូលហេតុនៃការសម្រេចចិត្តប្តូររូប Cover នេះ ហ្វីយ៉ាតា បានបន្ថែមនៅក្នុងផ្នែកមតិយោបល់ ថា «ដូរ cover ចេញ ព្រោះមិនចង់ចងចាំ»។ ប្រយោគមួយនេះបានធ្វើឱ្យមានមតិខ្លះវែកញែកលើប្រយោគរបស់នាងស្របពេលដែល ហ្វីយ៉ាតា បានបន្ថែម Emoji ហាក់បង្ហាញថាមានរបួសបេះដូង។ មតិមួយចំនួនទៀតក៏បានគាំទ្រការផ្លាស់ប្តូររបស់ ហ្វីយ៉ាតា ផងដែរ។
ហ្វីយ៉ាតា បានបញ្ចប់ការប្រកួត Miss Universe លើកទី៧៤ ហើយ។ ដ្បិតតែមិនទទួលបានចំណាត់ថ្នាក់នៅក្នុងការប្រកួតក្តីប៉ុន្តែ ហ្វីយ៉ាតា ទទួលបានក្តីស្រលាញ់ជាច្រើនរាប់មិនអស់ពីអ្នកគាំទ្រពោលគឺនាងបានយកឈ្នះទឹកចិត្តទស្សនិកជន។ លើសពីនេះទៅទៀត ការប្រកួតរបស់ ហ្វីយ៉ាតា បានធ្វើឱ្យបរទេសនិងប្រព័ន្ធផ្សព្វផ្សាយមានការចាប់ពីប្រទេសកម្ពុជាផងដែរ។

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ធ្លាប់បាននិយាយថាផ្លូវដំណើរនៃការប្រកួតមិនដែលងាយស្រួលទេ វាពោរពេញទៅដោយបញ្ហាស្មុគស្មាញ សម្ពាធ និងភាពតានតឹង និងបាននាំមកនូវការចងចាំ។
នេះគឺជារឿងមួយដែលទស្សនិកជនមិនអាចប្រកែកបានថា ហ្វីយ៉ាតា គឺពុះពារគ្រប់ឧបសគ្គដើម្បីតំណាងប្រទេសរបស់ខ្លួនទប់ទល់នឹងអ្នកចង់បង្អាក់ដំណើរផង ទប់នឹងការប្រកួតនៅប្រទេសថៃដែលមានជនជាតិម្ចាស់ផ្ទះប្រើសម្តីបំបាក់ទឹកចិត្តជាច្រើន ប៉ុន្តែនាងមិនរាថយតស៊ូដល់ទីបញ្ចប់៕










