ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ទើបតែបានបញ្ចប់ក្នុងប្រទេសថៃ ប៉ុន្តែកម្មវិធីនេះនៅតែបន្តធ្វើឱ្យសហគមន៍អនឡាញមានការជជែកវែកញែក ខណៈការប្រកួតនៅឆ្នាំនេះបានក្លាយជាចំណុចកណ្តាលនៃការជជែកពិភាក្សាខ្លាំងជាងគេក្នុងប្រវត្តិសាស្រ្ត។
ជាក់ស្តែងថ្មីៗនេះ បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា ដែលជាលំដាប់រងទី២នៃការប្រកួត Miss Universe លើកទី៧៤ ត្រូវបានមនុស្សជាច្រើនមានការពិភាក្សាចំពោះសកម្មភាពនាង។ ក្នុងវីដេអូឃ្លីបមួយត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅពេល Stephany Abasali ដែលតំណាងឱ្យប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានគេសង្ស័យថានាងមានការមិនពេញចិត្តចំពោះលទ្ធផល។ ការលើកឡើងនេះដោយសារតែគេបានឃើញនាងបានបោះបាច់ផ្កា ដែលជូនដោយអ្នករៀបចំទៅកាន់អ្នកគាំទ្រ។ អ្នកខ្លះជឿថានេះជាទង្វើរបស់មនុស្សដែលឆ្លុះបញ្ចាំងពីការខកចិត្ត និងមិនពេញចិត្ត។ មិនត្រឹមតែបោះបាច់ផ្កានៅថ្ងៃប្រកាសលទ្ធផលប៉ុណ្ណោះទេប៉ុន្តែមានពេលមួយទៀតនាងក៏បានយកផ្កាដែលកម្មវិធីជូននាងចែកឱ្យអ្នកផ្សេងផងដែរ។
ថ្វីដ្បិតតែសម្រស់ Venezuelan មិនទាន់ផ្តល់ការពន្យល់ជាផ្លូវការក៏ដោយ ឃ្លីបវីដេអូនោះបានក្លាយទៅជាចំណុចកណ្តាលនៃការពិភាក្សាយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានមតិប្រកម្មជាច្រើន។ ទោះជាយ៉ាងណា អ្នកមួយចំនួនក៏បាននិយាយថាសកម្មភាពរបស់ បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា គឺគ្រាន់តែចែករំលែកការស្រលាញ់ទៅកាន់អ្នកគាំទ្រប៉ុណ្ណោះ។
មិនត្រឹមតែមានការពិភាក្សាអំពីលទ្ធផល បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា បោះបាច់ផ្កាប៉ុណ្ណោះទេប៉ុន្តែពិធីករវគ្កផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Universe ក៏បានចេញមកបញ្ជាក់ថាលោកមិនបានអានលទ្ធផលការប្រកួតខុសនោះទេ។
Steve Byrne ពិធីករនៃកម្មវិធី Miss Universe ដែលជាអ្នកប្រកាសលទ្ធផលដោយផ្ទាល់ក្នុងយប់ចុងក្រោយនោះ ក៏បានបង្ហោះរូបថតមួយសន្លឹក ដោយនឹកស្មានមិនដល់ថា ជាសន្លឹកលទ្ធផលផ្លូវការ។ រូបភាពនេះជាការបញ្ជាក់ថា លោកមិនបានអានខុស ឬប្រកាសខុសនៅពេលប្រកាសលទ្ធផលនោះទេ៕










