រាជធានីភ្នំពេញ៖ ជប៉ុនផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការរក្សាសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយធ្វើការបញ្ជូនអនុព័ន្ធយោធារបស់ខ្លួនឲ្យចុះត្រួតពិនិត្យស្ថានការណ៍តាមព្រំដែន ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពនាពេលថ្មីៗនេះ ព្រមទាំងប្រកាសប្ដេជ្ញា ថានឹងជំរុញអនុវត្ត «កិច្ចព្រមព្រៀងបទឈប់បា.ញ់» ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។

យោងតាមការឲ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក HARA Takashi ជាទីប្រឹក្សា និងអនុព័ន្ធយោធា នៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពចុងក្រោយបង្អស់។
.jpg)
ក្នុងដំណើរចុះពិនិត្យនោះ ជប៉ុនសូមសម្តែងការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ក្នុងន័យនេះ ជប៉ុននឹងប្ដេជ្ញាបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។.jpg)
តាមរយៈរូបភាពដែលបានបង្ហាញ លោក HARA Takashi មិនត្រឹមតែចុះត្រួតពិនិត្យស្ថានការណ៍នៅតាមព្រំដែនរវាងកម្ពុជា និង ថៃនោះទេ នៅក្នុងដំណើរនោះ លោកក៏បានឆ្លៀតពាំនាំនូវនំចំណីមួយចំនួនចែកជូនដល់កុមារតូចៗ និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។.jpg)
សកម្មភាពនេះ បាននាំមកនូវស្នាមញញឹម ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់ប្រជាជនកម្ពុជាទាំងអស់ ខណៈជប៉ុនបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការស្ដារឡើងវិញនូវសន្តិភាពរវាងកម្ពុជា និង ថៃ តាមរយៈការជំរុញឲ្យមានការអនុវត្តបទឈប់បា.ញ់ប្រកបដោយប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ៕.jpg)










