អ្នកនាងកាតុ និងស្វាមី បានចេញវីដេអូរួមគ្នាដោយស្នើដល់សិល្បករទាំងជំនាន់មុននិងជំនាន់ក្រោយឈប់ច្រៀងបទចម្រៀងចម្លងពីថៃតទៅទៀត ខណៈដែលប្រជាជនទូទៅកំពុងតែចូលរួមពហិការទំនិញរបស់ថៃ។

នៅថ្ងៃទី២០ វិច្ឆិកា អ្នកនាង កាតុ និងលោក ខ្យង ដែលជាស្វាមី បានបង្ហោះវីដេអូមួយដែលមានរយៈពេលជាង៥នាទី ជាមួយនឹងចំណងជើងថា «យើងខ្ញុំទាំងពីរសូមអភ័យទោសទុកជាមុននូវការសំណូមពរទៅកាន់សិល្បករសិល្បការនី»។ មុននឹងចាប់ផ្តើមការសំណូមពររបស់ខ្លួនតារាកំប្លែងកាតុនិងស្វាមីបានចូលរួមរំលែកទុក្ខទៅកាន់លោក អ៊ុន សិទ្ធា ដែលទើបមរណភាពកាលពីពេលថ្មីៗនេះ។.png)
អ្នកនាង កាតុ និងស្វាមី បានលើកឡើងថាប្រទេសកម្ពុជាកំពុងមានបញ្ហាជាមួយនឹងថៃហើយប្រជាពលរដ្ឋកំពុងតែពហិការមិនប្រើរបស់ថៃ ខណៈអ្នកមួយចំនួនដែលទិញទំនិញថៃពេលខ្លះត្រូវប្រឈមនឹងការរិះគន់។ ដោយសម្លឹងឃើញថាប្រជាពលរដ្ឋប្រឹងពហិការមិនប្រើផលិតផលថៃ អ្នកនាង កាតុ បាននិយាយថាតារាចម្រៀងខ្មែរនៅតែប្រើបទ Copy ពីថៃទៀតមិនត្រូវនោះទេ។ គូស្វាមីភរិយាមួយគូនេះបានសំណូមពរឱ្យសិល្បករទាំងថ្មីទាំងចាស់ឈប់ច្រៀងបទ Copy ថៃតទៅទៀតខណៈដែលបទចម្រៀងខ្មែរយកលំនាំតាមថៃកាលពីមុនមានបទខ្លះផ្ទុះឡើងវិញ ខណៈអ្នកមួយចំនួនជាពិសេសក្មេងជំនាន់ក្រោយពុំបានដឹងថា Copy ថៃឡើយ។
អ្នកនាង កាតុ បានសំណូមពរដល់តាមបណ្តា Pub និងការប្រគំតន្រ្តីផ្សេងៗ កុំយកបទចម្រៀងលំនាំតាមថៃមកច្រៀង ពីព្រោះប្រជាជនបានពហិការអីវ៉ាន់ថៃហើយកុំឱ្យគេនិយាយថាពហិការតែទំនិញតែយកបទគេទៅរាំសប្បាយ ដូច្នេះត្រូវពហិការទាំងទំនិញនិងបទចម្រៀង។ អ្នកនាង កាតុ និងស្វាមី បានបញ្ជាក់ថា នេះជាការសំណូមពររបស់អ្នកទាំងពីរ ប៉ុន្តែបើការសំណូមពរនេះ សិល្បករសិល្បការនីមួយចំនួនតូចគិតថាខុសអ្នកទាំងពីរក៏សូមអភ័យទោសផងដែរ៕










