អ្នកវិភាគនយោបាយនៅអាស៊ីនិយាយថា ជម្លោះការទូតរវាងចិន-ជប៉ុន គឺជាការចាប់ផ្តើមប៉ុណ្ណោះ ប្រទេសទាំងពីរអាចនឹងមានជម្លោះខ្លាំងជាងនេះ ដោយសារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ។ ចិនចាត់ទុកពាក្យសម្តីរបស់លោកស្រីជាកំហុសដ៏ធ្ងន់ធ្ងរ និងទាមទារឱ្យពាក្យសម្តីរបស់ខ្លួនវិញជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងមិនខាន ប៉ុន្តែលោកស្រីនៅតែមិនព្រមដកពាក្យសម្តី ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយក្នុងរដ្ឋសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា នឹងបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ បើចិនវាយប្រហារ ដែលធ្វើឱ្យចិនកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺពីគោលជំហររដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ពីព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ ក្រោយមក ជប៉ុនបានបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីនៃក្រសួងការបរទេស ទៅជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិននៅទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ពីគោលជំហររដ្ឋាភិបាលជប៉ុន ប៉ុន្តែចិននៅតែទាមទារឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តី ខណៈពលរដ្ឋចិនធ្វើពហិការមិនទស្សនាភាពយន្តជប៉ុន ។
អ្នកវិភាគនយោបាយនៅអាស៊ីបាននិយាយមកកាន់សារព័ត៌មាន Reuters កាលពីថ្ងៃទី២០ ខែវិច្ឆិកា ថា ជម្លោះការទូតរវាងចិន-ជប៉ុនពេលនេះ គឺជាការចាប់ផ្តើមប៉ុណ្ណោះ ហើយជម្លោះការទូតអាចនឹងខ្លាំងជាងនេះ និងត្រូវរកវិធីដោះស្រាយបញ្ហា ។ ទោះជាជប៉ុនបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅចរចាជាមួយចិនដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងក្តី ប៉ុន្តែពុំទទួលផលឡើយ ពីព្រោះមន្ត្រីជាន់ខ្ពស់ចិននិយាយក្រោយចរចាជាមួយជប៉ុនថា ចិនមិនពេញចិត្តលទ្ធផលចរចា ។.jpg)
សាស្ត្រាចារ្យនយោបាយ និងអន្តរជាតិឈ្មោះ Stephen Nagy នៅសាកលវិទ្យាល័យគ្រីស្ទានអន្តរជាតិ (International Christian University) ថា ជម្លោះការទូតចិនជប៉ុនដែលបានកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ គឺជាការចាប់ផ្តើម ដោយចិនបានបង្កើនការដាក់សម្ពាធជប៉ុនកាន់តែខ្លាំង ។ សាស្ត្រាចារ្យរូបនេះបាននិយាយពីជម្លោះចិនជាមួយអូស្ត្រាលីកាលពីឆ្នាំ២០២០ ដែលពេលនោះ ចិនធ្វើពហិការមិនទិញទំនិញអូស្ត្រាលី វាដូចគ្នានឹងចិនទើបតែបញ្ឈប់ការនាំចូលអាហារសមុទ្រជប៉ុនពេលនេះ ។
ចំណែកជម្លោះការទូតជាមួយជប៉ុនពេលនេះ គឺចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ចិនហាមពលរដ្ឋធ្វើដំណើរទៅជប៉ុន និង ឈប់ទិញអាហារសមុទ្រជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។
ចំណែកអ្នកវិភាគផ្សេងទៀតបានប្រៀបធៀបជម្លោះការទូតពេលនេះ គឺដូចគ្នានឹងជម្លោះរវាងចិន-ជប៉ុនកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ។ ពេលនោះ នៅប្រទេសចិនមានការធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេល២ឆ្នាំកន្លះ ខណៈជម្លោះការទូតលើកនេះកើតឡើងដោយសារនាយករដ្ឋមន្ត្រីថ្មីជប៉ុននិយាយថា នឹងបញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ បើរងការវាយប្រហារពីចិន ។
តាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលជប៉ុន គឺលោកស្រី Sanae Takaichi ចង់បញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ គឺលោកស្រីពុំបានត្រៀមខ្លួនទេ លោកស្រីនិយាយបែបនេះពេលឆ្លើយតបសំណួររបស់មន្ត្រីគណបក្សប្រឆាំងក្នុងរដ្ឋសភា ៕










