(ភ្នំពេញ)៖ បុរសជនជាតិហុងគ្រីម្នាក់ ស្ម័គ្រចិត្តយកវត្ថុបុរាណខ្មែរមួយចំនួនដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន មកប្រគល់ឲ្យប្រទេសកម្ពុជាវិញ បន្ទាប់ពីវត្ថុទាំងនោះត្រូវបានគេលួ.ចយកទៅកាលពីអំឡុងសម័យសង្រ្គា.ម និងលក់បន្តឲ្យអ្នកកាន់កាប់សមុច្ច័យឯកជនអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOq7YTVMwhlFnXI-8uRsGGZGGeKkN24DyFeMqFbw1-TxmsSThROW6jYOTvvhxk9cZIqYHs1vxxSFbYAK2nW1Tzm3keVEiT3_ln-gz1O-K8pu0vmwD36Cfosic8Z8XodVAcAM3Jl9FYICadR1YsDKdt27ds12yFLfbxWzKSrqH2fdGpLFhTRI5JReq0ZcV/s1280/photo_2025-11-21_10-20-29%20(2).jpg

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងភូមិន្ទ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែវិច្ឆិកា បានឲ្យដឹងថា លោក István Zelnik ជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LIDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។ នេះបើតាមក្រសួងដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqeovC31EyxIHl_IEp-Lutc64ObcOwut6GFCA6ssMc0PK4TNch3hfToSbQosNy9lXc9qNz5gy2yYZBPII4kOFD2GzXu-yGBtFUMm6j5llX2RbaIYLsNVX49MMcDBMN4Qs0ukc-37WbZOv8-wOVW9FB7Peyk3Q7Nn3U_LhOx19TyB49ZDLs6noIzE4ubGK/s1280/photo_2025-11-21_10-20-29%20(3).jpg
តាមក្រសួង ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរ ជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfOCr9iMQCwXSR2bPjrqxdQFFBI-vpGFqBoI0qCdZvBR7-kbPcupNHr_pHEtBaesreqbEWcZxkEJyw-6cPB3aFczGYWUwfytR2mz72opko51EsGufIIQcQazOxqoQuKUTGx_s03CGO1a6nvUUbCut1167KMndKL9jG9-EZycx4vNafdoko63-dh8-DlJzE/s705/photo_2025-11-21_10-20-29%20(4).jpg
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7gzXyPbkRzQfnJQvNow9SxMmR4E-8byxIid9ecRZzR9DPxXzpyrvGa0NxWNeF6zTrtLKMRJ9IUa5DbYhiF4lakKGU8p4-0U1ppw3M4VtIGZX4dhvy3_NXPtaxHyAu4HW2oeUuGi5esiMHk9hyphenhyphenbBHFUpOrhyQpgWPaPcw3Cslg-7czG6YeRq5oW3Abf0Z9/s1000/photo_2025-11-21_10-20-29.jpg

    ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើសាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរត្រឡប់មកកម្ពុជាវិញ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQA9MWiJVyBE7dZKGdZ4FUCwLRdSgWCScyiZP11zYuNoA1tM_d0tSi2_M4SLzgED7sMzqdlq3dErq50CeuH2zWhz2A4Y3fAVrqSNUwXgqeqSq2NjGm2Zw1rZN164i98v0DdBbNwO3jhlLANFtyttFq28EwH6POzRHw21HQk5B-vu3JlPxYk27zEBvKdoa/s1280/photo_2025-11-21_10-20-28.jpg
    រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការប្រកបដោយសុឆន្ទៈនេះ។ ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពី ក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕