រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរវ៉ាន់ដា បានសម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋរវ៉ាន់ដា។.jpg)
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងរយៈពេល ២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃទស្សនកិច្ច លោក ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមចំពោះ លោក បណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយ លោក Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកស្រី Louise Mushikiwabo អគ្គលេខាធិកានៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ចំពោះកិច្ចពិភាក្សាទ្វេភាគីជាមួយលោក Olivier J.P. Nduhungirehe ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកំពុងរីកចម្រើន ចាប់តាំងពីការបង្កើត ក្នុងឆ្នាំ២០០៥ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងសេវាកម្មផ្លូវអាកាសដែលនឹងដើរតួជាឧបករណ៍ដ៏សំខាន់ក្នុងការពង្រីកការតភ្ជាប់ សម្រួលការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២) កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ។
ក្នុងអំឡុង ពេលជួបសម្តែងការគួរសម លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ប្រាក់ សុខុន និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ស្វែងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ជា។
នៅក្នុងជំនួបទាំងបីខាងលើ លោក ប្រាក់ សុខុន បានឆ្លៀតឱកាសជម្រាបជូនអំពីភាព តានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង ពេញលេញរបស់កម្ពុជា ក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នាពេលថ្មីៗនេះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាសាក្សី៕.jpg)










