ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធីប្រកួត Miss Universe បានចាប់ផ្តើមជាផ្លូវការហើយនាថ្ងៃទី១៩ ខែវិច្ឆិកា ចាប់ពីម៉ោង១រសៀល ខណៈអ្នកតំណាងប្រទេសកម្ពុជា ហ្វីយ៉ាតា បានបង្ហាញឈុតតំណាងជាតិដ៏ស្រស់ស្អាតនៅលើឆាកប្រកួតសម្រស់ដ៏អស្ចារ្យមួយនេះ។
ឈុតតំណាងជាតិកម្ពុជាឆ្នាំនេះមានឈ្មោះថា «ចាប៉ីមាស» ដោយច្នៃបន្ថែមកាន់តែប្រណីត និងរក្សាទម្រង់ដើម។ មកុដធ្វើឡើងដោយ ដងចាប៉ី ហើយចាប៉ីដើមទំរង់ពិតស្រោបមាស បន្ថែមក្បាច់កាន់តែអស្ចារ្យ។ មុននឹងការបង្ហាញឈុតតំណាងជាតិ ហ្វីយ៉ាតា បានគោរពដល់វិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាសិល្បៈ «ប្រាជ្ញ ឈួន, គង់ ណៃ, កែវ ប៉ិច» និងបុព្វបុរសខ្មែរជាច្រើនរូបទៀត ដោយសុំសិទ្ធិយកចាប៉ីដែលមានប្រវិត្តដ៏ប្រណីតមកបង្ហាញ។ ចំប៉ីដងវែង ជាបេតិកភ័ណ្ឌពិភពលោក មានកិត្តិសព្ទដ៏ប្រពៃ ដើម្បីលើកមកបង្ហាញដល់ពិភពលោកឱ្យបានស្គាល់លើឆាកអន្តរជាតិ និងរម្លឹកដល់កេរ្តិ៍ដំណែលវប្បធម៌ជាតិដ៏មានតម្លៃនិងឱ្យពិភពលោកបានចងចាំ «ចាប៉ីដងវែង» ខ្មែរយើងជារៀងរហូត…។
ការបង្ហាញឈុតតំណាងជាតិរបស់ ហ្វីយ៉ាតា បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងចំពោះភាពជឿជាក់នៃការបង្ហាញឈុតដ៏អស្ចារ្យនេះបើទោះបីជាមានការទាក់ជើងបន្តិចក្តីប៉ុន្តែ ហ្វីយ៉ាតា បានកែប្រែស្ថានការណ៍យ៉ាងល្អប្រសើរនៅលើឆាក។ គួរឱ្យដឹងថាអ្នកច្នៃឈុតតំណាងជាតិ ចាប៉ីមាស នេះគឺ ស្ករគ្រាប់។
ក្នុងការប្រកួតវគ្គនេះ បវរកញ្ញា អ៊ិន លក្ខិណា លោក ឆយ លោក នរបណ្ឌិត បងប្រុស ហ្វីយ៉ាតា និងក្រុមការងារមួយចំនួនទៀតបានទៅចូលរួមលើកទឹកចិត្ត Miss Universe Cambodia 2025 ដោយផ្ទាល់នៅឯប្រទេសថៃ។ ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា នេះចាប់ពីម៉ោង៨ព្រឹកតទៅ៕










