ប្រទេសថៃ៖ មាត់ថាមិនខ្វល់ ប៉ុន្តែជាក់ស្ដែងដេកភ័យមិនស្ទើ! ពេលនេះនាយករដ្ឋមន្រ្ទីថៃ អនុទីន ឆាន់វិរៈគុល បានទម្លាក់ឥរិយាបថក្រអឺតក្រទមរបស់ខ្លួនលើបញ្ហាជាមួយប្រទេសកម្ពុជានៅចំពោះមុខសហរដ្ឋអាមេរិក និងបន្ទាប់មកបានអះអាងនៅចំពោះមុខអ្នកកាសែតថា ខ្លួនបានសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ រួចហើយ ដោយលោកត្រាំ សន្យាថានឹងបន្ថយពន្ធលើប្រទេសថៃបន្ថែមទៀត ប្រសិនបើថៃពន្លឿនការសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតមីនតាមព្រំដែន។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា ចាប់តាំងពីមានការរិះគន់យ៉ាងខ្លាំងចំពោះឥរិយាបថជាតិនិយមជ្រុលរបស់លោក អនុទីន ថាអាចធ្វើឱ្យប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025 លោក អនុទីន បានធ្វើការអត្ថធិប្បាយជាលើកដំបូងតាមប្រព័ន្ធផ្សព្វផ្សាយថា ក្នុងអំឡុងពេលសម្រាករបស់លោកបន្ទាប់ពីធ្វើដំណើរមកពីប្រទេសចិន លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេសុី ពាក់ព័ន្ធនឹងចំណុចជាច្រើន។.jpg)
លោក អនុទីន បានថ្លែងប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាមីននៅតាមបណ្ដាយព្រំដែនរវាងថៃ និងកម្ពុជា និងបានបញ្ជាក់ថា អាមេរិកចង់ឃើញការបោសសម្អាតមីនទាំងនោះឲ្យបានឆាប់រហ័សពីសំណាក់ភាគីទាំងពីរ។
នាយករដ្ឋមន្រ្តីថៃរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានសន្យានឹងបញ្ចុះពន្ធទំនិញនាំចូលសម្រាប់ប្រទេសថៃបន្ថែមទៀត ប្រសិនបើថៃបង្ហាញការចូលរួមយ៉ាងសកម្មជាមួយកម្ពុជាឡើងវិញ ដើម្បីពន្លឿនប្រតិបត្តិការបោសសម្អាតមីនតាមបណ្ដោយព្រំដែន។ ប៉ុន្តែលោក អនុទីន បាននិយាយយកល្អថា ការចូលរួមឬមិនចូលរួម គឺជាការសម្រេចចិត្តរបស់ថៃ ប៉ុន្តែយើងជ្រើសរើសថានឹងធ្វើវាក្រោមលក្ខខណ្ឌមនុស្សធម៌ និងដោយសារមានការស្នើសុំពីកម្ពុជា។
ជុំវិញការប្រកាសនេះ លោក អនុទីន បានប្រាប់ទៅកាន់សាធារណជនថាវាពាក់ព័ន្ធតែជាមួយបញ្ហាមីនមួយប៉ុណ្ណោះ ខណៈប្រទេសថៃនឹងនៅតែប្រកាន់ជំហររឹងមាំ មិនអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមឡើងវិញទាំងស្រុងនោះទេ ដោយត្រូវរង់ចាំលិខិតសុំទោសផ្លូវការពីភាគីកម្ពុជាជាមុនសិន។
គួររម្លឹកថា កន្លងមកថៃតែងតែប្រកាសក្ដែងៗថាខ្លួនមិនខ្វល់ខ្វាយជាមួយនឹងប្រទេសដទៃណាទាំងអស់ក្នុងការបង្កកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ ក្រោយមកមិនបានប៉ុន្មាន នៅពេលដែលសហរដ្ឋអាមេរិក និយាយថានឹងផ្អាកការចរចាពីបញ្ហាពន្ធគយ រដ្ឋាភិបាលថៃក៏ត្រូវបានសមាជិកសភា និងមហាជនរិះគន់យ៉ាងខ្លាំងចំពោះការប្រកាសដោយគ្មានការគិតពិចារណាបែបនេះ។
.jpg)
យ៉ាងណាមិញ ជុំវិញការលើកឡើងថាអាមេរិកបានធ្វើការនឹងបញ្ចុះពន្ធបន្ថែមលើទំនិញនាំចូលរបស់ថៃនោះ ដូចការអះអាងរបស់លោក អនុទីន យើងមិនទាន់ឃើញមានការបញ្ជាក់ពីខាងសេតវិមាន ឬមានការលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិណាមួយ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយថៃឡើយ។ ដូច្នេះមានតែរង់ចាំមើលបន្តថា តើវាគឺជាការពិតឬមួយយ៉ាងណា៕










