ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិនផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដោយសមាគមទេសចរណ៍ថៃនឹងជំរុញវិធានការទាក់ទាញភ្ញៀវទេសចរចិន រួមទាំងសហការបង្ក្រាបការឆបោ.កអនឡាញនៅប្រទេសថៃ ។ ការបង្កើនទំនាក់ទំនងជិតស្និទ្ធថៃ-ចិន ស្របពេលអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃអនុវត្តឱ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៅវិមានរដ្ឋាភិបាលថា លោក គិតទិផុង តេរតនាឆ័យ នាយកសមាគមពាណិជ្ជកម្មថៃ-ចិន បាននាំសមាជិកសមាគមមកជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Anutin អំពីគោលនយោបាយការនាំចូល និងនាំចេញទំនិញថៃទៅក្រៅប្រទេស ព្រមទាំងពិភាក្សាពីការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិន ។ សមាជិកសមាគមដែលមកជួបពិភាក្សានេះ គឺមកពីក្រុមហ៊ុនជាច្រើនទាំងផ្នែកសណ្ឋាគារ អចលនទ្រព្យ ម្ហូបអាហារ និងក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនី ។
លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយទៅកាន់សមាជិកសមាគមពាណិជ្ជកម្មថៃ-ចិនថា ថៃមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនរហូតមក ហើយក្នុងកិច្ចប្រជុំ APEC កន្លងមក លោកមានឱកាសជជែកជាមួយប្រធានាធិបតីចិន លោក Xin Jinping និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃកំណត់គោលនយោបាយជំរុញសេដ្ឋកិច្ចតាមរយៈកាស៊ីណូ ។ ក្រៅពីនេះ លោកបញ្ជាក់ពីថៃមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរចិន ខណៈលោក Xi សន្យាជំរុញឱ្យភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ។
នាយករដ្ឋមន្ត្រីថៃក៏បាននិយាយពីព្រះមហាក្សត្រថៃ និងព្រះមហាក្សត្រីយាងទៅទីក្រុងប៉េកាំង ដោយព្រះអង្គបានពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi និងនាយករដ្ឋមន្ត្រីចិន ។ ការពិភាក្សានេះបន្តពីការពិភាក្សាក្នុងកិច្ចប្រជុំ APEC ជាពិសេស ជំរុញឱ្យចិនជួយទិញទិន្នផលកសិកម្មថៃ ខណៈចិនថា នឹងជួយទិញញអង្ករថៃចំនួន៥សែនតោន ព្រះមហាក្សត្រថៃក៏បានអញ្ជើញប្រធានាធិបតីចិនធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃផងដែរ ។
រដ្ឋាភិបាលថៃមើលឃើញការចាប់អារម្មណ៍របស់ចិន ហើយរដ្ឋាភិបាលថៃនឹងបង្កើនទំនាក់ទំនងជាមួយចិនលើគ្រប់វិស័យឱ្យកាន់តែស្អិតរមួត ទាំងសេដ្ឋកិច្ច ទេសចរណ៍ សន្តិសុខ និងការផ្លាស់ប្តូរវប្បធម៌ ។ ថៃនិងចិនមានទំនាក់ទំនងជិតស្និទ្ធដូចបងប្អូន វានឹងធ្វើឱ្យកិច្ចសហការរវាងប្រទេសទាំងពីរកាន់តែរឹងមាំដើម្បីផលប្រយោជន៍រួមគ្នារបស់ពលរដ្ឋថៃ-ចិន ។.jpg)
ចំណែកសមាគមពាណិជ្ជកម្មថៃ-ចិនបាននិយាយពីការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលថៃបង្ក្រាបការឆបោកអនឡាញនៅប្រទេសថៃ ដោយធ្វើវិសោធនកម្មច្បាប់ដើម្បីកំណត់វិធានការតឹងរ៉ឹង និងដាក់ទោសក្រុមឆបោកអនឡាញ ។ សមាគមក៏បានជំរុញឱ្យផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន តាមរយៈការទូទាត់ប្រាក់ឌីជីថល ដូចជា ៖ Alipay និង WeChat Pay ខណៈនាយករដ្ឋមន្ត្រីថៃយល់ព្រមតាមសំណូមពររបស់សមាគម និងប្តេជ្ញាជំរុញកិច្ចសហការជាមួយចិនឱ្យទទួលបានលទ្ធផលផ្លែផ្កា ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា ថៃបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិនលើគ្រប់វិស័យនេះ ស្របពេលអាមេរិកផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃអនុវត្តឱ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ លោកប្រធានាធិបតី Trump ជំរុញឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ បញ្ឈប់ការឈ្លានពានកម្ពុជា ក្រោយពីនាយករដ្ឋមន្ត្រីថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងទាមទារឱ្យកម្ពុជាសូមទោស ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់ឡើយ ។
អ្នកវិភាគថៃមើលឃើញថា ព្រះមហាក្សត្រ និងរដ្ឋាភិបាលថៃបានយកចិនជាខ្នងបង្អែកតាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិន ខណៈចិនចាត់ទុកថៃជាបងប្អូន ។ ការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្រោយពីថៃមើលឃើញមេដឹកនាំអាមេរិកមានជំហរគាំទ្រកម្ពុជា និងជំរុញសន្តិភាពកម្ពុជា-ថៃ ៕










