តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសើរមិនដាច់ពីមាត់ទៅកាន់ភាពយន្តខ្មែរ «ភូមិបុរាណ» ដែលមានតួស្រី សាន្ត កុសុមៈ និងតារាចម្រៀង ខាយ ថា ការដឹកនាំ តួសម្តែង បច្ចេកទេសនោះទេគឺល្អទាំងអស់។ រឿងនេះខុសភាពយន្តខ្មែរភាគច្រើនដែលនិយាយពីខ្មោច ព្រាយ ប៉ុន្តែជាភាពយន្តឆ្លងទៅសម័យកាលបុរាណ។ អ្វីដែលទស្សនិកជនមួយចំនួនអាចមិនទាន់បានដឹងនោះ សាន្ត កុសុមៈ មិនត្រឹមតែជាតួឯកស្រីក្នុងរឿងប៉ុណ្ណោះទេតែនាងបានចូលរួមជាផលិតករមួយរូបផងដែរ។
កាលពីពេលថ្មីៗមកនេះតារាចម្រៀងជើងចាស់ ណុប បាយ៉ារិទ្ធ បានបង្ហោះជាសាធារណៈអំពីភាពយន្តខ្មែរ ភូមិបុរាណ ដែលមានរយៈពេល២ម៉ោងមើលហើយមិនធុញ ល្អទាំងសាច់រឿង ការដឹកនាំ តួសម្តែង បច្ចេកទេស។ លោកបានបន្ថែមទៀតថាកុនខ្មែរដែលល្អមើលយ៉ាងហោចណាស់ក៏លោកមើល៤ដងដែរមិនស្តាយលុយនោះទេ។ លោក បាយ៉ារិទ្ធ ថាសាច់រឿងប្លែកជក់ចិត្តគួរឱ្យចង់តាមដាន មានហេតុមានផលច្បាស់លាស់អត់ភ្លាវ មានការឆ្លងភពបុរាណនិងសម័យ តែមិនឆ្លងសម័យកាល។.png)
តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះបានបង្ហាញថា ភាពយន្ត ភូមិបុរាណ មានបង្កប់អត្ថន័យអប់រំ និង បង្ហាញពីទំនៀមទម្លាប់ខ្មែរច្រើន មានគ្រប់រសជាតិ កម្សត់ សប្បាយ កំប្លែង សាច់រឿងទាយមិនត្រូវគួរឱ្យសរសើរ។ លោកបន្ថែមទៀតថាតួសម្តែងវិញគឺលេងសមទាំងអស់ស្មើដៃល្អសូម្បីតែតួប្រជាជនឡើង ចំណែកឯក្រាហ្វិកមិនចាញ់កុនរបស់ប្រទេសជិតខាងទេ។
តារាចម្រៀង ណុប បាយ៉ារិទ្ធ ថានៅពេលមើលលោកចង់យំដោយសារតែរំភើបដែលឃើញកុនខ្មែរធ្វើបានល្អ ហើយអារម្មណ៍បែបនេះតែងតែកើតមានរាល់ពេលដែលលោកមើលកុនខ្មែរដែលផលិតបានល្អ មិនថារឿងនេះឬរឿងកន្លងមកដែលធ្លាប់មើល។ លោកថាភាពយន្តមានគុណភាពច្បាស់មួយដឹងមួយមិនខ្វះអ្នកគាំទ្រទេ។
ជាមួយនឹងសំឡេងគាំទ្រយ៉ាងច្រើនពីទស្សនិកជនក្នុងស្រុក កញ្ញា សាន្ត កុសុមៈ ដែលជាតួឯកស្រីក្នុងភាពយន្តនេះក៏បានបង្ហាញអារម្មណ៍យ៉ាងពិសេសដែលនាងបានលើកដំបូងក្នុងជីវិតបើទោះបីជានាងធ្លាប់បានសម្តែងរឿងជាច្រើនមកហើយ។ អ្វីដែលធ្វើឱ្យ កុសុមៈ រំភើបចិត្តបែបនេះដោយសារតែ «ភូមិបុរាណ» គឺជាស្នាដៃដំបូងដែលនាងចូលរួមជាតួសម្តែងផងនិងជាផលិតករផងថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន៕










