តារាម៉ូដែល មាលា បានបង្ហាញអារម្មណ៍រំភើបចិត្តក្រោយពីទៅប្រទេសវៀតណាមបានឃើញបទដែលនាងសម្តែងជាមួយនឹងតារារ៉េប វណ្ណដា នៃបទ «សង្ក្រាន្តស្គាល់ស្នេហ៍» ចាក់ពេញកន្លែងញុំាអី។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកនៅទីនោះក៏បានកត់សម្គាល់នាងនិងបានសុំនាងថតជាមួយផងដែរ។
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារារ៉េប ម៉ាន់ វណ្ណដា ដែលមាន មាលា សម្តែងក្នុង MV ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងទស្សនិកជនក្នុងស្រុកនិងក្រៅស្រុក។ ប្រជាប្រិយភាពនៃបទចម្រៀងនេះនៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទោះបីជាចេញតាំងពីខែមេសា ឆ្នាំ២០២៤ ប៉ុន្តែមកទល់ពេលនេះបទនេះនៅតែបន្តពេញនិយមនិងមានចាក់ជាច្រើនកន្លែង។

ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាម៉ូដែល មាលា ទើបតែបង្ហាញថានាងបានទៅញុំាអីក្នុងភោជនីដ្ឋានមួយហើយបន្ទាប់មកមានការចាក់បទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលនាងបានចូលរួមសម្តែង។ លើសពីនេះ មាលា ទទួលបានការស្រលាញ់ចូលចិត្តពីអ្នកគាំទ្រដែលជាបុគ្គលិកនៅទីនោះ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នាទៀត។ មកទល់នឹងថ្ងៃទី១៧ ខែវិច្ឆិកា បទ«សង្ក្រាន្តស្គាល់ស្នេហ៍»របស់ វណ្ណដា មានការស្តាប់លើសពី៦០លានដងផងដែរ។
តារាម៉ូដែល មាលា ដែលជាកូនខ្មែរកាត់បារាំង ជារឿយៗតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមិនថាតែក្នុងស្រុកឬក្រៅស្រុកទេសម្រស់របស់នាងលេចធ្លោមានការចូលចិត្តជាច្រើន។ តួយ៉ាងកាលពីនាងទៅប្រទេសឥណ្ឌូនេស៊ី ឬអាម៉េរិក មាលា ត្រូវបានគេចាប់សម្ភាសន៍និងផ្តល់ជាកាដូនៅតាមដងផ្លូវ។
មិនត្រឹមតែលេចធ្លោក្នុងការបង្ហាញម៉ូត សម្តែង MV គ្រងតំណែងជាតួឯកកុនខ្នាតធំប៉ុណ្ណោះទេប៉ុន្តែ មាលា ក៏មានជំនួយក្នុងដៃផ្ទាល់ខ្លួនផងដែរ៕










