ក្នុងព្រឹត្តិការណ៍បញ្ចាំងភាពយន្តថ្មី Wicked: For Good នៅប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអ្នកគាំទ្រជាបុរសម្នាក់ស្រាប់តែរត់ទៅរក Ariana Grande ដាក់ដៃជុំវិញនាងដោយទាញនាងមកជិតខ្លួនខណៈនាងព្យាយាមចេញឆ្ងាយ។ បុរសរូបនេះត្រូវបានគេដឹងថាបានធ្វើទង្វើរំខានចូលមកជិតសិល្បករល្បីៗជាច្រើន។

ក្នុងវីដេអូដែលមានការរីករាលដាលចាប់តាំងពីនោះមក បង្ហាញពីបុរសម្នាក់បានលោតរបាំងរត់ទៅលើ Ariana Grande ដែលធ្វើឱ្យហ្វូងមនុស្សមានភាពចលាចល និងស្រែកគំហក។ មិនត្រឹមតែសន្តិសុខប៉ុណ្ណោះទេដែលជួយ Ariana Grande តារាសម្តែង Cynthia Erivo ក៏បានជួយការពារនាងពីអ្នកគាំទ្រនេះដែរ។ ពិរុទ្ធជននេះត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិអូស្ត្រាលី មានអាយុ២៥ ឆ្នាំ មានឈ្មោះថា Johnson Wen និងមានគណនី Instagram @pyjamamann ។
Johnson មិនត្រឹមតែធ្វើឱ្យព្រឹត្តិការណ៍សម្ពោធភាពយន្តមានភាពចលាចលនិងធ្វើឱ្យ Ariana Grande ភ័យស្លេកមុខប៉ុណ្ណោះទេប៉ុន្តែបុគ្គលនេះធ្លាប់បានរំខានដល់សិល្បករជាច្រើនទៀតដូចជាព្រឹត្តិការណ៍ប្រគំតន្ត្រីនៅស៊ីដនីរបស់ Katy Perry ។ កម្មវិធីរបស់តារាចម្រៀង The Weeknd នៅ Melbourne និងសូម្បីតែការប្រកួតរត់ចម្ងាយ ១០០ ម៉ែត្ររបស់បុរសនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ។

អ្នកគាំទ្ររូបនេះមានមោទនភាពក្នុងការចងក្រងរឿងរបស់ខ្លួនតាមអ៊ីនធឺណិត និងបានប្រកាសថា «Ariana Grande គឺជាមហាក្សត្រី»។ សកម្មភាពថ្មីៗនេះ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតខឹងសម្បា។ ជនជាតិសិង្ហបុរីមួយចំនួនថែមទាំងព្រួយបារម្ភថាឧបទ្ទវហេតុនេះអាចបំភ័យ Ariana Grande មិនឱ្យត្រឡប់ទៅសិង្ហបុរីម្តងទៀត៕










