ថ្មីៗនេះទាំង ប៉ីប៉ី ឌី បានបង្ហោះសាររៀបរាប់អំពីមិត្តភាពដែលបានបង្កើតឱ្យមានរឿងល្អនិងការចងចាំជាច្រើនហើយពេលវេលាក៏ធ្វើឱ្យទំនាក់ទំនងការរាប់អានមួយចំនួនក៏ប្រែ។ មិនត្រឹមតែ ប៉ីប៉ី ឌី ប៉ុណ្ណោះទេងាកទៅកាន់ ម៉ែសេះ វិញស្រាប់តែបង្ហោះកាត់ផ្តាច់មិត្តភាព១៥ឆ្នាំ។ ភ្លាមៗសារទាំងពីរបានធ្វើឱ្យមានការវែកញែកប៉ុន្តែក្រោយមកត្រូវបានគេសង្ស័យថាអ្នកទាំងពីរសម្តៅលើមិត្តរួមក្រុមម្នាក់ដែលធ្លាប់ដើរជាមួយគ្នាហើយនៅបន្តទៅប្រទេសថៃយកអីវ៉ាន់មកលក់នៅខ្មែរ។
ម៉ែសេះ បានបង្ហោះសំណេរកាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ថា «ក្នុងនាមខ្ញុំជាមិត្តភក្តិមួយរូបដែលរាប់អានជាមួយគ្នា ១៥ ឆ្នាំមកហើយ ខ្ញុំចង់ប្រាប់ឱ្យគាត់ល្អ តែគាត់មិនស្តាប់ខ្ញុំ គាត់អ្នកដើរផ្លូវខ្លួនឯង ខ្ញុំជូនពរអ្នក ដែលអ្នកជ្រើសរើសផ្លូវហ្នឹងឱ្យជោគជ័យ អនុស្សាវរីយ៍ធ្លាប់ឆ្លងកាត់ជាមួយគ្នា១៥ឆ្នាំកន្លងមកនេះកាត់ផ្តាច់ត្រឹមនេះចុះ»។

ចំណែកឯបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី វិញបានរៀបរាប់យ៉ាងវែងថា «និស្ស័យពិតជាបានបង្កើតឱ្យមានរឿងល្អនិងការចងចាំជាច្រើន។ មនុស្សស្គាល់គ្នា មិនថាស្រលាញ់ ឬរាប់អាន គឺព្រោះតែមាននិស្ស័យចំណុចផ្តើម ពួកយើងពិតជាមិនដឹងទេថា នៅថ្ងៃបន្ទាប់ ឬចំណុចបញ្ចប់ តើវានឹងបែបណាទេ?។ ភាពស្និទ្ធិស្នាល ការចែករំលែក រួមសុខទុក្ខ និងក្តីស្រលាញ់មិនថាក្នុងនាមជាអ្វី តែវាពិតជាពេលវេលាដ៏ល្អមួយកំឡុងពេលពួកយើងឆ្លងកាត់វាជាមួយគ្នាហើយពេលវេលាក៏រំកិលទៅមុខម្តងបន្តិចៗ ទំនាក់ទំនងខ្លះ ការរាប់អានមួយចំនួនក៏ប្រែឃ្លាតឆ្ងាយម្តងបន្តិចៗដូចគ្នា ព្រោះយើងពិតជាមិនអាចប្រកែកបានទេថា ទោះបីជាល្អូកល្អើនដល់កម្រិតណាក៏ដោយ គ្រប់គ្នាសុទ្ធតែមានគោលដៅ និងការគិតខុសៗគ្នា ដូច្នេះការសម្រេចចិត្តខ្លះ យើងមិនអាចហាមឃាត់បានទេ»។
ប៉ីប៉ី ឌី បន្តទៀតថា «ចំពោះខ្ញុំ ខ្ញុំតែងតែសោកស្តាយចំពោះការបាត់បង់ មិនថាស្នេហា ឬ មិត្តភាព ព្រោះវាពិតជាប៉ះពាល់អារម្មណ៍ណាស់ដំណើររបស់មនុស្សម្នាក់ៗ មិនមែនសុទ្ធតែត្រូវបោះលើវិថីរួមគ្នារហូតទេ នេះជាអ្វីដែលខ្ញុំទទួលស្គាល់។ សូមឱ្យការចាកចេញរបស់អ្នកណាម្នាក់ រួមទាំងខ្ញុំក៏ដោយ គឺជាការសម្រេចមួយដ៏ច្បាស់លាស់ កុំធ្វើឱ្យអ្នកដែលមានបំណងល្អចំពោះអ្នកត្រូវខកចិត្តជូនពរគ្រប់គ្នាជោគជ័យនៅលើផ្លូវដែលអ្នកបានជ្រើសរើស»។
ដំបូងឡើយការបង្ហោះសារស្របគ្នារវាង ប៉ីប៉ី ឌី និង ម៉ែសេះ បានធ្វើឱ្យអ្នកមួយចំនួនគិតថាអ្នកទាំងពីរកំពុងមានបញ្ហាជាមួយគ្នាប៉ុន្តែក្រោយមកអ្នកលេងអ៊ីនធឺណិតបានរកឃើញថា អ្នកទាំងពីរចង់សម្តៅទៅកាន់មិត្តរួមក្រុមដែលធ្លាប់ដើរជាមួយគ្នាដោយបុគ្គលនោះបានទៅយកសំលៀកបំពាក់ខាងផ្ទះលេខ៣មកលក់នៅខ្មែរតែក្រោយមកបែរជាបកទៅផ្ទះលេខ២មកលក់បន្តទៀត៕










