ប្រទេសថៃ ៖ ក្រោយពីអ្នកនយោបាយ កងទ័ព និងពលរដ្ឋថៃ ទាមទារយកទឹកដីតំបន់ព្រំដែនខេត្តស្រះកែវ និងជំរុញឱ្យរដ្ឋាភិបាលថៃយកប្រាសាទតាក្របីរបស់កម្ពុជា ដែលមិនស្របតាមស្មារតី និងខឹ្លមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ មកធ្វើជាលក្ខខណ្ឌថ្មីៗបន្ថែមទៀតដើម្បីដាក់សម្ពាធលើកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រា.មក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី ។ លោកមិនចង់ឃើញថៃមានសង្គ្រា.មអូសបន្លាយទេ ខណៈពលរដ្ឋចោទប្រកាន់ថៃបាត់បង់អធិបតេយ្យដោយសារកិច្ចព្រមព្រៀងសន្តិភាព ។.jpg)
នាយករដ្ឋមន្ត្រីថៃ លោក Anutin បានបញ្ជាក់ពីគោលជំហរជាថ្មីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា មូលហេតុដែលលោកសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺលោកមានបំណងបញ្ចប់សង្គ្រាម ក្នុងឋានៈជាអ្នកដឹកនាំប្រទេស លោកមិនអាចបណ្តោយឱ្យប្រទេសថៃមានសង្គ្រាមរហូតទេ ។
លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «ខ្ញុំធ្វើដំណើរទៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាម ពុំបណ្តោយឱ្យប្រទេសថៃមានសង្គ្រាមរហូតទេ ។ ខ្ញុំសូមជម្រាបទៅពលរដ្ឋថា ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) ដែលអាមេរិកហៅថា «កិច្ចព្រមព្រៀងសន្តិភាព» គឺខ្ញុំពេញចិត្តនឹងការចុះហត្ថលេខា ពីព្រោះវាដល់ពេលវេលាដែលកម្ពុជា-ថៃត្រូវស្វែងរកសន្តិភាព» ។
តួនាទីរបស់នាយករដ្ឋមន្ត្រី គឺធ្វើឱ្យប្រទេសថៃមានសុខសន្តិភាព ទោះជាប្រទេសនានាជ្រើសយកសង្គ្រាម ប៉ុន្តែសម្រាប់ថៃកុំមានសង្គ្រាមល្អជាង ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព គឺថៃមិនបាត់បង់ទឹកដី គ្មានថ្ងៃបាត់បង់អធិបតេយ្យ ខ្ញុំចុះហត្ថលេខាដើម្បីផ្តល់សុវត្ថិភាព និងការពារការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋ ។ ម្យ៉ាងទៀត ការចុះហត្ថលេខានេះដើម្បីកុំឱ្យប្រទេសជិតខាងមានគំនិតឈ្លានពាន ហើយថៃក៏បានកំណត់លក្ខខណ្ឌច្បាស់លាស់ចំនួន៤ រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ និង៤-ដោះស្រាយបញ្ហានៅតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ។.jpg)
វត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺតំណាងឱ្យការចូលរួមរបស់សហគមន៍អន្តរជាតិ ។ កិច្ចព្រមព្រៀងនេះធ្វើឱ្យមានទំនុកចិត្តថា ប្រទេសថៃនឹងគ្មានសង្គ្រាម បើមានការអនុវត្តតាម៤លក្ខខណ្ឌដែលកំណត់ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ។.jpg)
ករណី Influencer និងពលរដ្ឋខេត្តសុរិន្ទទាមទារឱ្យកងទ័ពថៃវាយយកប្រាសាទតាក្របីរបស់កម្ពុជា គឺនាយករដ្ឋមន្ត្រីថៃថា ពលរដ្ឋថៃមានសិទ្ធិ ឬអាចបង្ហាញការស្នេហាជាតិបាន ប៉ុន្តែត្រូវតែស្វែងរកដំណោះស្រាយតាមរយៈកិច្ចប្រជុំ JBC លោកមិនគាំទ្រឱ្យពលរដ្ឋថៃប្រព្រឹត្តខុសច្បាប់ថៃ និងច្បាប់អន្តរជាតិនោះទេ ។.jpg)
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រា.មជាមួយកម្ពុជាក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះ គឺក្រោយពីសង្គមថៃចោទប្រកាន់ថា កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យថៃបាត់បង់អធិបតេយ្យ និងបាត់បង់ប្រាសាទតាក្របី ។ អ្នកនយោបាយ កងទ័ព និងពលរដ្ឋថៃ បានស្តីបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលជ្រើសយកសន្តិភាព មិនជ្រើសយកសង្គ្រាម ដោយសារពួកគេមិនទាន់ទទួលបានប្រាសាទ និងទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ៕










