ប្រទេសថៃ ៖ បន្ទាប់ពីកម្ពុជា និងថៃចាប់ផ្តើមកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ចេញពីតំបន់ព្រំដែនដំណាក់កាលទី១ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏មានមតិមួយចំនួននៅប្រទេសថៃចោទប្រកាន់ថា កងទ័ពកម្ពុជាដឹកអាវុ.ធត្រឡប់ទៅព្រំដែនវិញបន្ទាប់ពីទើបដកចេញ ដែលធ្វើឱ្យមានការបារម្ភពីការបាត់បង់អធិបតេយ្យ ។ លើសពីនេះ សារព័ត៌មានថៃចោទប្រកាន់កងទ័ពកម្ពុជារារាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពិនិត្យមើលមជ្ឈមណ្ឌលជាតិកម្ចាត់មីន (TMAC) ដោះមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ។
បន្ទាប់ពីមានការចោទប្រកាន់កងទ័ពកម្ពុជារារាំងក្រុម AOT ពិនិត្យមើលការដោះមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ទល់មុខច្រកព្រំដែនជប់គគី ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រាប់ឱ្យពលរដ្ឋជឿជាក់លើកងទ័ពអាចការពារអធិបតេយ្យភាព និងកុំប្រើពាក្យថា «កម្ពុជារារាំងការដោះមីន» ដោយលោកសង្កត់ធ្ងន់លើការបំពេញតាមលក្ខខណ្ឌ៤ចំណុច ។
នាវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា លោក Anutin នាយករដ្ឋមន្ត្រីថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រោយមានព័ត៌មានថា កងទ័ពកម្ពុជារារាំងមិនឱ្យក្រុម AOT ចូលសង្កេតការណ៍ការដោះមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ថា កុំទាន់ប្រើប្រាស់ពាក្យ «កម្ពុជារារាំងការដោះមីន» ដោយសារកម្ពុជាបានប្រជុំជាមួយថៃរហូតមក ។ តាមរបាយការណ៍ពីអគ្គមេបញ្ជាការ គឺថៃកំពុងដំណើរការដកថយកម្លាំងទ័ពចេញពីព្រំដែន និងដោះមីន គឺការពិភាក្សាកំពុងបន្តទោះមិនរលូនក្តី ប៉ុន្តែបានកំណត់គោលដៅច្បាស់លាស់ដើម្បីទទួលសន្តិភាព ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ពីលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន-ការឆបោកអនឡាញ និង៤-ដោះស្រាយបញ្ហានៅតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ដោយភាគីទាំងពីរត្រូវអនុវត្តតាមលក្ខខណ្ឌទាំង៤ ទើបកងទ័ពថៃដោះលែងកងទ័ពកម្ពុជាចំនួន១៨រូប និងជជែកពីការកំណត់ព្រំដែន និងរឿងផ្សេងៗ ដោយបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តលក្ខខណ្ឌទាំងនេះ ។
ចំណែកពាក្យចចាមអារ៉ាមថា កងទ័ពកម្ពុជាដឹកអាវុ.ធត្រឡប់ទៅព្រំដែនវិញបន្ទាប់ពីទើបដកចេញ គឺលោក Anutin បញ្ជាក់ថា ភាគីទាំងពីរបានដកអាវុធចេញពីតំបន់ព្រំដែនហើយ តើសារព័ត៌មានថៃបានព័ត៌មាននេះពីណា? កម្ពុជាមិនបានដឹកអាវុធត្រឡប់ទៅព្រំដែនវិញទេ ពីព្រោះកិច្ចព្រមព្រៀងកំណត់ឱ្យភាគីទាំងពីរដកអាវុធរៀងៗខ្លួន បើកម្ពុជាដឹកអាវុធទៅព្រំដែនវិញ មានន័យថា បំពានកិច្ចព្រមព្រៀង ហើយថៃនឹងមានវិធានការ ។ នាយករដ្ឋមន្ត្រីថៃបានជជែកជាមួយអគ្គមេបញ្ជាការកងទ័ពពីពលរដ្ឋថៃបារម្ភរឿងការដកអាវុធចេញពីព្រំដែនអាចដឹកមកវិញមិនទាន់ ប្រសិនបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀង អគ្គមេបញ្ជាការកងទ័ពថៃបានត្រៀមខ្លួនការពារអធិបតេយ្យ សូមជឿជាក់លើកងទ័ពអាចការពារអធិបតេយ្យ ។
គួរបញ្ជាក់ថា កម្ពុជាបានកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ចេញពីតំបន់ព្រំដែនដំណាក់កាលទី១ ជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តនូវអ្វីដេលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។
ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១របស់កម្ពុជា គឺបានប្រព្រឹត្តទៅនៅទីតាំងចំនួន២ រួមមាន ៖ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្រុករវៀង ខេត្តព្រះវិហារ ។ រីឯភាគីថៃក៏កែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១ ដែរ ៕










