ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈ.ប់បា.ញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ជា៣ដំណាក់កាល ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រឱ្យកងទ័ពខ្លួនដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែនទេ ដោយសារបារម្ភពីកម្ពុជាមិនស្មោះត្រង់ ។
ក្រោយពីពលរដ្ឋបង្ហាញក្តីបារម្ភ អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វិនឆ័យ ស៊ុវ៉ារី បាននិយាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យពលរដ្ឋមានទំនុកចិត្តលើកងទ័ពអាចចល័តអាវុ.ធធុនធ្ងន់ទាន់ពេលវេលា ប្រសិនបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល ។ អ្នកនាំពាក្យកងទ័ពថៃក៏បានបញ្ជាក់ថា TMAC នឹងបន្តបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ទល់មុខច្រកព្រំដែនជប់គគី ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) បើទោះមានព័ត៌មានកងទ័ពកម្ពុជារារាំងការចូលសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដោយ ។
លោក វិនឆ័យ ស៊ុវ៉ារី បាននិយាយពីពលរដ្ឋថៃមួយចំនួនបារម្ភពីកងទ័ពថៃកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ទៅកាន់បន្ទាយវិញនៅខេត្តលបបុរី ដែលមានទីតាំងនៅឆ្ងាយពីព្រំដែនកម្ពុជា-ថៃថា កងទ័ពថៃនឹងអាចចល័តអាវុធមកកាន់តំបន់ព្រំដែនទាន់ពេលវេលា ករណីកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល ។ រីឯសារព័ត៌មានថៃរាយការណ៍ពីកងទ័ពកម្ពុជារារាំងមិនឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលសង្កេតការណ៍ការបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញសាយតាគូ ស្រុកបានក្រួត ខេត្តបុរី គឺតាមការត្រួតពិនិត្យឃើញថា មជ្ឈមណ្ឌលជាតិកម្ចាត់មីន (TMAC) នៅតែបន្តបោសសម្អាតមីនតាមផែនការ ទោះជាកម្ពុជាកំពុងរង់ចាំបទបញ្ជាពីថ្នាក់លើក្តី ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា កងទ័ពបូព៌ាបានរាយការណ៍ពីការបោសសម្អាតមីនរបស់ TMAC នៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ដោយភាគីថៃចាប់ផ្តើមបោសសម្អាតមីនតាមផែនការតាំងពីថ្ងៃទី២៨ ខែតុលា ។ បច្ចុប្បន្ន TMAC បានបោសសម្អាតមីនប្រមាណជាង៧% នៃផ្ទៃដីសរុប ប៉ុន្តែកាលពីថ្ងៃទី៣០ ខែតុលា ពេលភាគីថៃកំពុងបោសសម្អាតមីន ក៏មានបញ្ហារារាំងពីកងទ័ពកម្ពុជា ហើយភាគីថៃបានចរចារួចហើយ ។
លទ្ធផលការចរចា គឺកងទ័ពកម្ពុជាសុំឱ្យភាគីថៃបោសសម្អាតមីនតែក្នុងទឹកដីថៃ និងកុំរាយបន្លាលួស ប៉ុន្តែអាចកំណត់សញ្ញាសម្គាល់បាន ខណៈកងទ័ពកម្ពុជាពុំទាន់អាចដោះមីនលើទឹកដីរបស់ខ្លួនបានដោយសារមិនទាន់ទទួលបញ្ជាពីថ្នាក់លើ ។ បន្ទាប់មក នៅថ្ងៃទី១ ខែវិច្ឆិកា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃបានចុះពិនិត្យមើលការបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ហើយថៃក៏រាយការណ៍ពីលទ្ធផលបោសសម្អាតមីន និងការរារាំងរបស់កងទ័ពកម្ពុជាទៅកាន់ក្រុម AOT ។
កម្ពុជា-ថៃឯកភាពកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា ៣ដំណាក់កាល រួមមាន ៖
-១ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
-២ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង
-៣ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
គួរបញ្ជាក់ថា ការឯកភាពគ្នាកែសម្រួលអាវុធ និងយុទ្ធោបរណ៍ធុនធ្ងន់ គឺមានគោលបំណងផ្តល់ទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្ពោះទៅរកសន្តិភាពនាពេលឆាប់ៗ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនមិនគាំទ្រឱ្យកងទ័ពខ្លួនដកថយអាវុធធុនធ្ងន់ ឬដកកងកម្លាំងចេញពីព្រំដែនទេ រហូតដល់ធ្វើរបងព្រំដែនរួចរាល់ ដោយពួកគេចោទប្រកាន់កម្ពុជាមិនស្មោះត្រង់ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងដកអាវុធ ៕










