ក្រោយខកខានអស់រយៈពេលជិត១០ឆ្នាំ! សហរដ្ឋអាមេរិក និងកម្ពុជា នឹងចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធាសំខាន់ៗ ដើម្បីធ្វើឲ្យមានភាពកក់ក្តៅក្នុងទំនាក់ទំនងទ្វេភាគី ក្រោយមានការចុះហត្ថលេខាគាំទ្រសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា-ថៃរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការបញញជាក់របស់លោក Pete Hegseth រដ្ឋមន្រ្តីនៃនាយកដ្ឋានសង្រ្គាមនៃសហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍របស់កាសែត The Straits Times ចេញផ្សាយថ្ងៃទី១វិច្ឆិកា បង្ហាញថា សហរដ្ឋអាមេរិក និង កម្ពុជា បានព្រមព្រៀងគ្នារៀបចំ«សមយុទ្ធ»រួមគ្នា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត។

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រកាសពីការរៀបចំឡើងវិញនៃសមយុទ្ធ «ឆ្មាំអង្គរ» ឬ Angkor Sentinel បន្ទាប់ពីបានពិភាក្សាជាមួយប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា អំពីផែនការទស្សនកិច្ចនៅកំពង់ផែរាមដោយនាវារបស់អាមេរិក។ .jpg)
គួររម្លឹកថា លំហាត់សឹកនានារវាងកម្ពុជា និងអាមេរិក ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០១៧មក ដោយកាលណោះអាមេរិកបានរិះគន់កម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងលទ្ធិប្រជាធិបតេយ្យដែល មានការថយចុះជាបន្តបន្ទាប់។ ក៏ប៉ុន្តែទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ហាក់កំពុងបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីការចូលមកជាថ្មីនៃនាវាចម្បាំងរបស់អាមេរិកនៅកំពង់ផែក្រុងព្រះសីហនុ ជាទីដែលនាវាចិន និងបណ្តាប្រទេសផ្សេងៗទៀតបានចូលសំចត។
.jpg)
បើតាមប្រសាសន៍របស់លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា ការបើកឲ្យមានឡើងវិញនូវសមយុទ្ធរួមគ្នានេះ គឺជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងកម្ពុជា អាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។.jpg)
លោកបានបន្ថែមថា ផ្តើមចេញពីការពង្រឹងទំនាក់ទំនងក្នុងវិស័យយោធា អាមេរិក និងកម្ពុជា អាចសម្លឹងទៅមើលកិច្ចសហការក្នុងវិស័យផ្សេងទៀតឲ្យបានស៊ីជម្រៅ ដូចជាការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយអាមេរិក គួរមិនយកពន្ធលើទំនិញកម្ពុជា និងការពង្រីកដើមទុនរកស៊ីរបស់អាមេរិកនៅកម្ពុជាជាដើម។ តាមលោក គិន ភា វ៉ាស៊ីនតោន និងទីក្រុងភ្នំពេញ ក៏គួរពិនិត្យលើលទ្ធភាពនៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលជាផ្នែកសំខាន់មួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពស្និទ្ធស្នាលថែមទៀត៕










