សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នឹងដំឡើងពន្ធទំនិញនាំចូលពីចិនម្តងទៀត បើរដ្ឋាភិបាលក្រុងប៉េកាំងក្រឡាស់សម្តី និងនៅតែរឹតបន្តឹងការនាំចេញរ៉ែកម្រ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីប្រធានាធិបតីអាមេរិកបានជួបគ្នាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ដើម្បីចរចាពីការបញ្ចប់ជម្លោះពាណិជ្ជកម្ម ។.png)
រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែតុលា ថា នឹងផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ និងបច្ចេកវិទ្យារ៉ែកម្ររយៈពេល១ឆ្នាំ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានសម្ភាសន៍ជាមួយសារព័ត៌មានដោយបង្ហាញក្តីបារម្ភពីរដ្ឋាភិបាលចិនតែងតែមិនអនុវត្តតាមការសន្យារបស់ខ្លួនជាច្រើនលើក និងគ្មានភាពស្មោះត្រង់ ។ លោកថា មានការជីកយករ៉ែកម្រនៅប្រទេសជាច្រើន រួមទាំងអាមេរិក ប៉ុន្តែចិនជាអ្នកគ្រប់គ្រងផ្តាច់មុខលើការកែច្នៃរ៉ែទាំងនេះសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ។
ចិនផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី៣០ ខែតុលា កន្លងមក នៅកូរ៉េខាងត្បូង ។ ទោះយ៉ាងណា វិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រនាពេលកន្លងមករបស់រដ្ឋាភិបាលចិននឹងអនុវត្តបន្តទៀត ប៉ុន្តែតាមកិច្ចព្រមព្រៀង និងមិត្តភាពរវាងមេដឹកនាំមហាអំណាចទាំងពីរ លោក Scott Bessent រំពឹងអាមេរិកនឹងអាចពឹងពាក់លើរ៉ែកម្រចិន បើចិនក្រឡាស់សម្តី អាមេរិកនឹងដំឡើងពន្ធទំនិញចិនម្តងទៀត អាមេរិកមិនចង់ទាញយកផលប្រយោជន៍ពីចិនទេ ប៉ុន្តែចង់កាត់បន្ថយបញ្ហាប្រឈម ។.png)
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកអាណត្តិមុនធ្វេសប្រហែសក្នុងការបំពេះតួនាទី ដែលបណ្តោយឱ្យចិនប្រមូលផ្តុំ និងរៀបចំយុទ្ធសាស្ត្ររ៉ែកម្រជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump នឹងធ្វើឱ្យអាមេរិកគេចផុតពីបញ្ហានេះដែលចិនមានប្រៀបជាងអាមេរិក ។
កិច្ចព្រមព្រៀងរវាងអាមេរិក-ចិនដែលត្រូវបានប្រកាស ក្នុងនោះមានអាមេរិកនឹងទម្លាក់ពន្ធទំនិញនាំចូលពីចិន១០% មកនៅត្រឹមតែ៤៧% ហើយកិច្ចព្រមព្រៀងនេះក៏បានកំណត់ឱ្យចិត្តចាត់វិធានការផ្សេងៗដើម្បីរឹតបន្តឹងមិនឱ្យថ្នាំញៀន Fentanil ហូរចូលអាមេរិក ដោយសារវាជាថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំងបណ្តាលឱ្យពលរដ្ឋអាមេរិកបាត់បង់ជីវិតរាប់ម៉ឺននាក់ ។
គួរបញ្ជាក់ថា លោក Trump បានចុះ MOU រ៉ែកម្រជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី រួមទាំងជប៉ុន ស្របពេលអាមេរិកមានជម្លោះពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនលំដាប់ទី១ លើពិភពលោក ។ ក្រោយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រដ៏សំខាន់របស់ខ្លួន លោក Trump ក៏ដំឡើងពន្ធទំនិញចិនបន្ថែម១០០% ដែលអត្រាពន្ធថ្មីនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យចិនខឹងសម្បារ និងព្រមានសងសឹកវិញ ៕










