លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យនាយកដ្ឋានសង្គ្រាមចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោយផ្អាកតាំងតែពីឆ្នាំ១៩៩២មកម៉្លេះ។

ការប្រកាសរបស់លោកត្រាំ គឺជាការឆ្លើយតបទៅកាន់រុស្សុីដែលទើបតែជោគជ័យនឹងការបាញ់សាកល្បងមីស៊ីលផ្លោងនុយក្លេអ៊ែរដ៏ទំនើប ប៉ូសេដុន (Poseidon) ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន។

ត្រាំ បានលើកឡើងថា៖”សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសណាណាទាំងអស់ ហើយរុស្ស៊ីជាប្រទេសទីពីរ ហើយចិនប្រទេសទីបីឆ្ងាយផុត ប៉ុន្តែនឹងតាមទាន់ក្នុងរយៈពេល៥ឆ្នាំ”។

បច្ចុប្បន្ន ក្បាលគ្រាប់នុយក្លេអ៊ែរ មានប្រមាណជា១មុឺនគ្រាប់នៅលើពិភពលោក ក្នុងនោះប្រមាណជា៨ពាន់គ្រាប់ ជារបស់អាមេរិក និងរុស្ស៊ី។
គួរបញ្ជាក់ថា ក្នុងប្រវត្តិមនុស្សជាតិ គ្រាប់នុយក្លេអ៊ែរ ធ្លាប់បានប្រើប្រាស់តែ២លើកប៉ុណ្ណោះ គឺនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ដែលសម្លាប់ប្រជាជនជប៉ុនប្រមាណជា២១មុឺននាក់៕









