ក្រសួងការបរទេសអាល្លឺម៉ង់បានលើកឡើងពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចូលរួមចុះហត្ថលេខាជាសាក្សី ហើយប្រធានាធិបតីអាមេរិកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព ។ អាល្លឺម៉ង់ថា នេះជាការបោះជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងសូមគាំទ្រប្រទេសទាំងពីរបើកព្រំដែនឡើងវិញដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៧ ខែតុលា ។
នៅថ្ងៃទី២៧ ខែតុលា ក្រសួងការបរទេសអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា នេះជាជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ាន ។ ហេតុនេះ អាល្លឺម៉ង់គាំទ្រឱ្យប្រទេសទាំងពីរធ្វើការចរចា និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម រហូតដល់មានការច្រកព្រំដែនឡើងវិញដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាម្តងទៀត ។
ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ថា ការបើកព្រំដែនឡើងវិញ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចជាមុនសិន ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេតការណ៍ការអនុវត្តរបស់កម្ពុជា ។ លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបការឆបោកអនឡាញ និង៤-គ្រប់គ្រងតំបន់ព្រំដែនរួមគ្នា ជាពិសេស នៅភូមិណងចាន់ និងភូមិណងយ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) គឺកម្ពុជាត្រូវអនុវត្តលក្ខខណ្ឌទាំងនេះឱ្យថៃឃើញជាមុន ។.png)
នាយករដ្ឋមន្ត្រីថៃបានទទួលព័ត៌មានកម្ពុជាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កាលពីយប់ថ្ងៃទី២៦ ខែតុលា ហើយថៃនឹងរង់ចាំឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌផ្សេងៗរហូតដល់ដំណាក់កាលចុងក្រោយ ទើបមានការបើកព្រំដែនប្រក្រតី ។.png)
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ពិធីនេះក៏មានការចូលរួមធ្វើជាសាក្សីពីលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ ។
នៅថ្ងៃទី២៦ ខែតុលា នេះ ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រទេសជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា ៕
 
		 
	









