ប្រទេសថៃ ៖ កងទ័ពភូមិភាគទី១ថៃបានបដិសេធព័ត៌មានកងទ័ពត្រៀមបើកព្រំដែនកម្ពុជា-ថៃឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោក វរ៉ាយ៉ត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ និយាយថា គ្មានការបញ្ជាឱ្យបើកព្រំដែនជាមួយកម្ពុជានៅខេត្តស្រះកែវទេ ។ កងទ័ពថៃនៅតែអនុវត្តតាមគោលនយោបាយចាស់ គឺបិទព្រំដែនបន្តទៀត បើទោះជាប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ក្តី ។

នៅថ្ងៃទី២៧ ខែតុលា ហ្វេសប៊ុកផេករបស់កងទ័ពភូមិភាគទី១ថៃបានបង្ហោះសារថា មានការផ្សព្វផ្សាយព័ត៌មានកងទ័ពថៃត្រៀមបើកព្រំដែនកម្ពុជា-ថៃនៅច្រកព្រំដែនបានខៅឌិន ស្ថិតនៅឃុំឃ្លងហាត ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺកងទ័ពភូមិភាគទី១ សូមបញ្ជាក់ថា កងទ័ពថៃពុំបានទទួលបញ្ជាពីថ្នាក់លើឱ្យបើកព្រំដែនកម្ពុជា-ថៃនៅខេត្តស្រះកែវទេ ដែលជាការមើលខុសត្រូវរបស់កងទ័ពបូព៌ា (ឬកងកម្លាំងបូរ៉ាផា) ។ កងទ័ពភូមិភាគទី១ នៅតែអនុវត្តតាមគោលនយោបាយបិទព្រំដែនកម្ពុជា-ថៃក្នុងតំបន់ទទួលខុសត្រូវដូចមុន ។

ការបដិសេធរបស់កងទ័ពថៃពាក់ព័ន្ធនឹងការបើកព្រំដែនបានខៅឌិន (ឬច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី) គឺក្រោយពីពលរដ្ឋថៃបង្ហាញការមិនពេញចិត្តក្នុងបណ្តាញសង្គមថា ទោះជាកម្ពុជា-ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីស្តារទំនាក់ទំនងឱ្យត្រឡប់មកប្រក្រតីក្តី ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រការបើកព្រំដែនឡើងវិញឡើយ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលថៃបិទព្រំដែនបន្តទៀតដើម្បីទប់ស្កាត់ការបញ្ជូនទំនិញថៃមកកម្ពុជាតាមរយៈផ្លូវគោក ។

ព័ត៌មានបើកព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១ ខែវិច្ឆិកានេះ បន្ទាប់ពីអតីតអ្នកនយោបាយថៃ បុគ្គល វីរៈ ស៊ុមក្វាមឃិត ដែលមិនពេញចិត្តជាមួយលទ្ធផលកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា ថៃចាញ់ប្រៀបកម្ពុជាក្នុងកិច្ចប្រជុំ JBC លើកឡើងថា កងទ័ពថៃត្រៀមបើកព្រំដែនបានខៅឌិន នៅថ្ងៃទី១ ខែវិច្ឆិកា ។

នៅថ្ងៃទី២៧ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏បានច្រានចានព័ត៌មានបើកព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១ ខែវិច្ឆិកា ដែរ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចជាមុនសិន ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេតការណ៍ការអនុវត្តរបស់កម្ពុជា ហើយថៃមិនចាញ់ប្រៀប ។ លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបការឆបោកអនឡាញ និង៤-គ្រប់គ្រងតំបន់ព្រំដែនរួមគ្នា ជាពិសេស នៅភូមិណងចាន់ និងភូមិណងយ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) គឺកម្ពុជាត្រូវអនុវត្តលក្ខខណ្ឌទាំងនេះឱ្យថៃឃើញជាមុន ។

លោកនាយករដ្ឋមន្ត្រីថៃបានទទួលព័ត៌មានកម្ពុជាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កាលពីយប់ថ្ងៃទី២៦ ខែតុលា ហើយថៃនឹងរង់ចាំឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌផ្សេងៗ ទើបថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ។ ហេតុនេះ គ្មានការបើកព្រំដែននៅថ្ងៃទី១ ខែវិច្ឆិកា តាមពាក្យចចាមអារ៉ាមឡើយ ការបើកព្រំដែននឹងធ្វើឡើងនៅដំណាក់កាលចុងក្រោយនៃការអនុវត្តលក្ខខណ្ឌ ៕