គូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសទីម័រខាងកើតបានសម្រក់ទឹកភ្នែកដោយក្ដីរំភើប នៅពេលដែលគេប្រកាសថាប្រទេសរបស់លោកបានក្លាយជាសមាជិកទី១១ ពេញសិទ្ធិរបស់អាស៊ាន កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេសុី។.jpg)
យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅថ្ងៃទី២៧ ខែតុលា នេះបានបង្ហាញថា បន្ទាប់ពីការរំពឹងទុកជាងមួយទសវត្សរ៍ ទីម័រខាងកើតបានចូលរួមជាផ្លូវការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅទីក្រុងកូឡាឡាំពួរ ដែលជាការបន្ថែមសមាជិកលើកដំបូងក្នុងកំឡុងពេលប៉ុន្មានទសវត្សន៍មកនេះ ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី១០ ក្នុងឆ្នាំ ១៩៩៩។
.jpg)
ថ្លែងនៅក្នុងឱកាសចូលជាសមាជិកផ្លូវការរបស់អាស៊ាន នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmão បានហៅជំហានប្រវត្តិសាស្ត្រនេះថាជា «ក្តីសុបិនដែលសម្រេចបាន» ដោយនិយាយថាវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសជាតិក្នុងការកសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងភាពជាដៃគូនៅក្នុងតំបន់។.jpg)
តាមរយៈរូបភាព និងវីដេអូដែលថតបានពីពិធីប្រកាសទទួលយកប្រទេសទីម័រ ឲ្យចូលជាសមាជិកទី១១ របស់អាស៊ាននោះ គេបានឃើញថា លោក Xanana បានទាញកូនកន្សែងចេញពីហោប៉ោរបស់លោកដើម្បីយកមកជូតទឹកភ្នែក ខណៈដែលក្រុមការងារប្រទេសទីម័រច្រើននាក់ផ្សេងទៀតដែលអមដំណើរមកជាមួយលោកនៅក្រៅអង្គប្រជុំឯណោះ ក៏រំភើបរហូតទះដៃបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរផងដែរ។
គួរជម្រាបថា ទីម័រខាងកើតបានដាក់ពាក្យសុំចូលជាសមាជិកអាស៊ានជាលើកដំបូងក្នុងឆ្នាំ ២០១១ បន្ទាប់ពីទទួលបានឯករាជ្យជិតមួយទសវត្សរ៍កាលពីឆ្នាំ ២០០២។ ជាមួយនឹងការសម្រេចចិត្តក្នុងឆ្នាំនេះ ទីម័រខាងកើតឥឡូវនេះត្រូវបានទទួលស្គាល់ជាសមាជិកពេញលេញ ហើយវានឹងផ្តល់សិទ្ធិឲ្យទីម័រអាចចូលទៅកាន់ទីផ្សារក្នុងតំបន់ និងក្របខ័ណ្ឌសហប្រតិបត្តិការរបស់អាស៊ានក្នុងវិស័យពាណិជ្ជកម្ម ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងនេះ មេដឹកនាំក្នុងតំបន់បានសរសើរចលនានេះ និងបានសន្យាថានឹងគាំទ្រដល់ការអភិវឌ្ឍរបស់ទីម័រខាងកើតតាមរយៈការបណ្តុះបណ្តាលបច្ចេកទេស ការវិនិយោគ និងកិច្ចសហការគោលនយោបាយដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន។ ទាំងនេះឆ្លុះបញ្ចាំងពីការស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងកក់ក្ដៅបំផុត ពីសំណាក់សមាជិកនិងប្រធានអាស៊ាន ដោយគេអាចហៅវាថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការឯកភាពអាស៊ីអាគ្នេយ៍៕










