ជាច្រើនដងមកហើយ ម៉ៃ សុគន្ធ តែងតែបង្ហោះជីកកកាយជាមួយនិងការចោទប្រកាន់ទាក់ទងលុយមូលធិនិរបស់ ប៉ីប៉ី ឌី។ ទើបតែស្ងាត់មួយរយៈ ពេលនេះ ម៉ៃ សុគន្ធ ចាប់ផ្តើមបង្ហោះទៀតក្រោយពេល ប៉ីប៉ី ឌី បង្ហាញថាលោកត្រូវខ្មោចសង្កត់ចំនួន២ដង។

គេចាំបានថា ទ្រី សក្កដា និង ម៉ៃ សុគន្ធ បានផ្លោងពាក្យសម្តីទៅវិញទៅមកយ៉ាងក្តៅគគុកផ្តើមចេញពីការបង្ហោះរបស់ ម៉ៃ សុគន្ធ បង្ហាញចម្ងល់ទាក់ទងនឹងលុយមូលធិនិនិងមានការចោទប្រកាន់ថាទទួលបានលុយពីសប្បុរសធម៌ខ្ទង់លានដុលារ ប៉ុន្តែមិនបានបង្ហាញរបាយការណ៍ចំណាយឱ្យទស្សនិកជនឃើញឡើយ។ កន្លងមក ប៉ីប៉ី ឌី ក៏បានចេញមកព្រលះ ម៉ៃ សុគន្ធ ម្តងរួចមកហើយទាក់ទងនឹងលុយជំនួយនេះ ខណៈ ម៉ៃ សុគន្ធ នៅតែបង្ហោះផ្លែផ្កាមិនឱ្យស្ងាត់ហ្វេកប៊ុក។
ជាក់ស្តែងថ្មីៗនេះ ប៉ីប៉ី ឌី បានបង្ហោះពីការយល់សប្តិរបស់ខ្លួនដោយឃើញខ្លួនឯងទៅបុណ្យសពហើយក្រោយមកត្រូវខ្មោចសង្កត់២ដង ហើយលើកទី២ គឺបានឃើញស្រមោលខ្មៅក្រាស់អង្អែលពីស្មាសង្កត់ដល់ក្បាលរហូតភ័យដេកលែងលក់។ ប៉ីប៉ី ឌី បានបង្ហាញថាខ្លួនគេងយល់សប្តិមានមនុស្សប្រុសម្នាក់តាមសម្លាប់ ដោយមិនដឹងថានេះជាប្រផ្នូលមិនល្អ ជាគ្រោះ ឬជារឿងចៃដន្យនោះទេ។

ការបង្ហោះរបស់ ប៉ីប៉ី ឌី ជំរុញឱ្យ ម៉ៃ សុគន្ធ បានដៃបង្ហោះជីកកកាយរឿងលុយជំនួយជាបន្តទៀតទោះបីជាមិនបញ្ជាក់ចំឈ្មោះតែមនុស្សជាច្រើនជឿថាគឺចង់សម្តៅទៅកាន់ ប៉ីប៉ី ឌី។ 
ម៉ៃ សុគន្ធ បានបង្ហោះថា «បើដូចការយល់សប្តិរបស់អាអូនលក់កាហ្វេផ្លូវកែងមែនបាបកម្មជិតមកទាន់ហើយ វ៉ឺតៗបូកខ្ទង់ចំណាយបញ្ចេញមកសល់ឬមិនសល់បង្ហាញសាធារណៈមក។ លុយជំនួយណាមានទាំងទឹកភ្នែកការឈឺចាប់ និរាស ព្រាត់ប្រាស់និង មនុស្សស្លា-ប់ នឹងចងពៀរអ្នក …..»។ ការបង្ហោះរបស់ ម៉ៃ សុគន្ធ ក៏ទាក់ទាញប្រតិកម្មចម្រុះផងដែរ។

យ៉ាងណា ដ្បិតតែមានការជីកកាយពី ម៉ៃ សុគន្ធ ប៉ុន្តែអ្នកគាំទ្រមួយចំនួនធំបានបង្ហាញការជឿជាក់ទៅកាន់ ប៉ីប៉ី ឌី ព្រោះគេបានឃើញលោកជួយដល់កងទ័ពជួរមុខ ប្រជាជនរងគ្រោះ ជួយក្រុមគ្រួសារទាហានពលី ព្រមទាំងបានចំណាយពេលជាច្រើនចុះខេត្ត សុខចិត្តបិទហាងរកស៊ីខ្លួនឯង តាមតថភាពជាក់ស្តែង៕










