គ្រាន់តែហៅប្រជុំពិភាក្សា និងចុះកិច្ចព្រមព្រៀងដើម្បីសន្តិភាពសោះ នាយករដ្ឋមន្រ្តីថៃបែរជាប្រឹងសម្ដែងធ្វើជាតួឯកដើម្បីទាក់ទាញទំនុកចិត្តរបស់ពលរដ្ឋខ្លួន ដោយធ្វើការអះអាងថា លោកសន្យានឹងការពារទឹកដីថៃឲ្យខាងតែបាន មិនឲ្យប្រទេសជិតខាងណាមួយកេងចំណេញផលប្រយោជន៍ពីថៃសូម្បីបន្តិចណាមួយឡើយ ទាំងដែលគ្មានប្រទេសជិតខាងណាមួយចង់បានអ្វីដែលជារបស់ថៃទាល់តែសោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងនៅថ្ងៃទី19 ខែតុលានេះថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងការពារអធិបតេយ្យភាពរបស់ប្រទេសថៃយ៉ាងរឹងមាំចំពេលមានភាពតានតឹងកើនឡើងជាមួយប្រទេសជិតខាងកម្ពុជា។ លោកបានទទូចថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យខ្លួនឯងត្រូវបានគេកេងប្រវ័ញ្ចក្នុងជម្លោះព្រំដែនដែលកំពុងបន្តនេះជាដាច់ខាត។
ថ្លែងនៅក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយក្រុមប្រឹក្សាវេជ្ជសាស្រ្ដថៃ និងវិទ្យាស្ថាន Mahitala Dhibesra ក្នុងទីក្រុងបាងកក លោក Anutin ដែលកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បានអត្ថាធិប្បាយអំពីស្ថានភាពវិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា «រដ្ឋាភិបាលនឹងមិនទុកឲ្យប្រទេសយើងត្រូវបានប្រទេសជិតខាង ឬប្រទេសណាមួយយកចំណេញនោះទេ»។ លោកបានបន្ថែមថា ភារកិច្ចចម្បងមួយរបស់រដ្ឋបាលរបស់លោកគឺការការពារផលប្រយោជន៍ជាតិ។
លោក Anutin បានប្រកាសបន្ថែមទៀតថា អាជ្ញាធរថៃនឹងមិនបើកព្រំដែនជាមួយកម្ពុជាឡើងវិញទេ រហូតទាល់តែការគំរាមកំហែងពីភាគីកម្ពុជាត្រូវបានបញ្ឈប់។ ចំណែកការឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីថៃរបស់ពលរដ្ឋកម្ពុជា នាយករដ្ឋមន្រ្តីថៃរូបនេះបានព្រ.មានថា នឹងមានការនិរទេសចេញវិញជាបន្ទាន់ភ្លាមៗ មិនអនុញ្ញាតឲ្យចូលប្រទេសថៃផ្ដេសផ្ដាសតាមអំពើចិត្តឡើយ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី26 ទៅទី28 ខែតុលាខាងមុខ នៅប្រទេសម៉ាឡេសុី ត្រូវបានគេរំពឹងថានឹងក្លាយជាឱកាសដ៏ល្អមួយផងដែរសម្រាប់កម្ពុជា និងថៃ ធ្វើការចុះហត្ថាលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នា ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នាយករដ្ឋមន្រ្តីម៉ាឡេសុី និងមេដឹកនាំប្រទេសក្នុងតំបន់ជាច្រើនទៀតចូលរួមធ្វើជាសាក្សី។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងនេះ គឺផ្ដោតសំខាន់លើការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានា សម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែនរវាងប្រទេសទាំងពីរនោះទេ។
សរុបមក កិច្ចព្រមព្រៀងនេះមិនតម្រូវឲ្យភាគីណាមួយកាត់ចេញ ឬបោះបង់សិទ្ធិលើអធិបតេយ្យភាពរបស់ខ្លួន ដូចការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃ ដែលសន្យាថានឹងធានាការពារផលប្រយោជន៍របស់ជាតិមិនឲ្យប្រទេសជិតខាងកេងប្រវ័ញ្ច ទាំងដែលកម្ពុជាមិនដែលចង់បានអ្វីដែលជាកម្មសិទ្ធិថៃសម្បីបន្តិចណាឡើយ៕