ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាក់ជាថ្មីទៅកាន់ពលរដ្ឋរបស់ខ្លួននឹងមិនចាញ់ប្រៀបកម្ពុជារឿងព្រំដែនដាច់ខាត ដោយសំណូមពរឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមិនបង្ហាញផែនការប្រយុទ្ធរបស់កងទ័ពជាសាធារណៈទេ ។ ការបញ្ជាក់ជាថ្មីរបស់នាយករដ្ឋមន្ត្រីថៃក្រោយពីពលរដ្ឋមើលឃើញរដ្ឋាភិបាលស្ងប់ស្ងាត់ខ្លាំងគ្មានដំណោះស្រាយអ្វី ក្រៅពីប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តលើកិច្ចការព្រំដែន ពលរដ្ឋថៃចង់ឱ្យរដ្ឋាភិបាលថ្មីដោះស្រាយបញ្ចប់ជម្លោះព្រំដែនឆាប់ៗ ធ្វើយ៉ាងណា ឱ្យថៃមានប្រៀបលើកម្ពុជា ។
ក្នុងអំឡុងចូលរួមសិក្ខាសាលារបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយពីសង្គមថៃរិះគន់រដ្ឋាភិបាលពាក់ព័ន្ធនឹងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាអូសបន្លាយថា រដ្ឋាភិបាលកំពុងតែចាត់វិធានការយ៉ាងអស់ពីសមត្ថភាព និងមិនព្រមចាញ់ប្រៀបប្រទេសជិតខាងដាច់ខាត ។
នាយករដ្ឋមន្ត្រីថៃបានសំណូមពរឱ្យពលរដ្ឋធ្វើចិត្តឱ្យត្រជាក់ចំពោះដំណោះស្រាយរបស់រដ្ឋាភិបាលលើជម្លោះព្រំដែន ដោយលោកថា សង្គមបានរិះគន់ហេតុអ្វីរដ្ឋាភិបាលស្ងប់ស្ងាត់ខ្លាំង ។ ហេតុនេះ សូមសួរទៅវិញថា បើរដ្ឋាភិបាលមានផែនការធ្វើសង្គ្រាមជាមួយប្រទេសណាមួយ តើអាចបង្ហាញផែនការប្រយុទ្ធជាសាធារណៈដែរឬទេ? រដ្ឋាភិបាលគ្មានថ្ងៃឱ្យថៃចាញ់ប្រៀបប្រទេសជិតខាងដែលមានជម្លោះព្រំដែនដាច់ខាត ថៃត្រូវតែរក្សាផលប្រយោជន៍របស់ខ្លួន ។ បច្ចុប្បន្ន នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃគ្មានការបាញ់ចូលទឹកដីថៃ គ្មានការល្មើសអធិបតេយ្យ និងគ្មានការញុះញង់ផ្សេងៗ ពីព្រោះបានជូនដំណឹងទៅកម្ពុជារួចហើយ បើល្មើសអធិបតេយ្យ ថៃនឹងឆ្លើយតបវិញគ្មានបង្អង់ ។ រីឯផែនការប្រយុទ្ធរបស់កងទ័ព គឺរដ្ឋាភិបាលពុំអាចបង្ហាញជាសាធារណៈឡើយ ។
នាយករដ្ឋមន្ត្រីថៃបានធ្វើដំណើរទៅតំបន់ព្រំដែនកម្ពុជា-ថៃ និងស្តាប់យោបល់ពលរដ្ឋ គឺពលរដ្ឋថៃ១០០% ពុំគាំទ្រឱ្យបើកព្រំដែនឡើងវិញទេ ការបើកព្រំដែនលុះត្រាតែថៃមើលឃើញគ្មានការគំរាមកំហែងសន្តិសុខនៅប្រទេសថៃ ។ លោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេលមានស្ថានការណ៍ជម្លោះព្រំដែនធ្ងន់ធ្ងរ ប៉ុន្តែជឿជាក់ថា វានឹងកន្លងផុតទៅ ដោយចាត់វិធានការសន្សឹមៗល្អជាង ដើម្បីពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្ត ។ លោកសន្យាមិនធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះ ឬកិតិ្តយស និងបាត់បង់អធិបតេយ្យដាច់ខាត សូមពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាល ។
ពេលនេះ ពលរដ្ឋសួរថា ហេតុអ្វីរដ្ឋាភិបាលស្ងប់ស្ងាត់ខ្លាំងរឿងជម្លោះព្រំដែនកម្ពុជា-ថៃ គឺលោកចង់បញ្ជាក់ថា ការធ្វើអ្វីមួយ ឬត្រូវប្រាប់ជាសាធារណៈពីគម្រោងចរចារបស់រដ្ឋាភិបាលថៃ គឺនឹងធ្វើឱ្យប្រទេសជិតខាងដឹង ហើយរៀបចំគម្រោងឆ្លើយតប ។ ពលរដ្ឋដឹងតែម្យ៉ាងទៅ គឺរដ្ឋាភិបាលមិនចាញ់ប្រៀបប្រទេសជិតខាងទេ ។ នេះបើតាមការលើកឡើងរបស់លោក អនុថីន ។
គួរបញ្ជាក់ថា ពលរដ្ឋថៃជំរុញឱ្យរដ្ឋាភិបាលខ្លួនដោះស្រាយបញ្ចប់ជម្លោះព្រំដែនឆាប់ៗ និងទាមទាររដ្ឋាភិបាលដាក់សម្ពាធកម្ពុជាបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលថៃចោទប្រកាន់ពលរដ្ឋខ្មែររស់នៅរយៈពេលជាង៤០ឆ្នាំ ។ លោក អនុថីន បានកំណត់លក្ខខណ្ឌចំនួន៤សម្រាប់កម្ពុជា រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ការដោះមីន ៣-ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-ការគ្រប់គ្រងតំបន់ព្រំដែន ទើបថៃយល់ព្រមចុះហត្ថលេខាសន្តិភាពនៅម៉ាឡេស៊ី ។
នាយករដ្ឋមន្ត្រីថៃថ្មីមានគោលជំហរមិនខុសពីនាយករដ្ឋមន្ត្រីចាស់ គឺប្រគល់អំណាចពេញលេញនិងបើកដៃឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន នាយករដ្ឋមន្ត្រីចាំតែគាំទ្រគាំទ្រកងទ័ពគ្រប់រឿង ។ ពេលឡើងកាន់តំណែងថ្មីៗ លោក អនុថីន និយាយថា នឹងដោះស្រាយជម្លោះព្រំដែនឆាប់ៗ មិនបណ្តោយឱ្យថៃមានជម្លោះជាមួយប្រទេសជិតខាងអូសបន្លាយ ក្រោយមក លោកមានគម្រោងបើកព្រំដែនកម្ពុជា-ថៃមួយចំនួនដើម្បីសម្រួលដល់ការដឹកទំនិញឆ្លងដែន ប៉ុន្តែក៏លុបចោលគម្រោងវិញដោយសារពលរដ្ឋប្រឆាំង ៕