ប្រទេសថៃ ៖ រដ្ឋាភិបាល និងកងទ័ពថៃនៅតែប្រកាន់គោលជំហរឱ្យកម្ពុជាគោរពតាមលក្ខខណ្ឌ៤ចំណុចរបស់ខ្លួន ក្នុងនោះមានការជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ទើបថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ។ ទន្ទឹមនេះ ថៃនឹងទាមទារឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវ និងការសាងសង់របងព្រំដែន ក្នុងកិច្ចប្រជុំ JBC ដែលនឹងប្រព្រឹត្តនាពេលឆាប់ៗ ។

ក្នុងអំឡុងកិច្ចប្រជុំ JBC ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់បុរី ប្រទេសថៃ ភាគីថៃបានត្រៀមជូនដំណឹងមកកម្ពុជាឱ្យជ្រាបរឿងថៃសាងសង់របងព្រំដែន និងដាក់លក្ខខណ្ឌឱ្យជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ប៉ុន្តែមិនពិភាក្សាពីការបោះបង្គោលព្រំដែនទេ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។

លោក និកានឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយពីកិច្ចប្រជុំ JBC ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់បុរី ថា កិច្ចប្រជុំ JBC លើកនេះមានសារៈសំខាន់ ថៃនឹងពិភាក្សាជាមួយកម្ពុជាផ្តោតតែលើប្រធានបទសំខាន់ប៉ុណ្ណោះ ។ ប្រធានបទត្រូវពិភាក្សា គឺការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិណងចាន់ និងភូមិណងញ៉ាកែវ ខេត្តស្រះកែវ ដែលថៃអះអាងជាទឹកដីរបស់ខ្លួន និងជូនដំណឹងកម្ពុជាពីការសាងសង់របងព្រំដែន ។

កិច្ចប្រជុំ JBC លើកនេះមានភាពបន្ទាន់ ពីព្រោះនឹងមានកិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីររួមគ្នាចុះហត្ថលេខាក្នុងកិច្ចប្រជុំ ដើម្បីទទួលស្គាល់លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ការដោះមីន ៣-ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-ការគ្រប់គ្រងតំបន់ព្រំដែន ។ ក្នុងកិច្ចប្រជុំ JBC ថៃនឹងជជែក២ប្រធានបទដើម្បីឈានទៅរកកិច្ចប្រជុំ GBC បើមិនដូច្នោះទេ នឹងរាំងស្ទះ ហើយបញ្ហានឹងត្រឡប់មកកិច្ចប្រជុំ JBC វិញ ។

ចំណែកការបោះបង្គោលព្រំដែននឹងត្រូវពិភាក្សាបន្ថែមទៀតក្រោយបញ្ចប់កិច្ចប្រជុំ GBC ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ ថា ពេលនេះ ត្រូវមើលពីការតាំងចិត្តច្បាស់លាស់របស់កម្ពុជាសិន ។ បើកម្ពុជាអនុវត្តតាមការលើកឡើងក្នុងកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី គឺកិច្ចប្រជុំនឹងដំណើរការទៅធម្មតា ព្រមទាំអពិនិត្យការងារដែលថៃត្រូវអនុវត្តបន្ត ។

គួរបញ្ជាក់ថា ថៃមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ដោយកំណត់លក្ខខណ្ឌឱ្យរាជរដ្ឋាភិបាលកម្ពុជាបណ្តេញពលរដ្ឋចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកងទ័ពថៃព័ទ្ធបន្លាលួសយកដីភូមិ ដីលំនៅឋាន និងដីចម្ការរបស់ពលរដ្ឋខ្មែរ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខ) ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ ៕