ប្រទេសថៃ ៖ ក្រោយពីកងទ័ពថៃបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ចាក់សំឡេងខ្មោចលង សំឡេងយន្តហោះ ឆ្កែលូ និងបញ្ចាំងកុនឯកសាររំខានពលរដ្ឋខ្មែរនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យលោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃ រួមទាំងសកម្មជនសិទ្ធិមនុស្សមួយចំនួនដាស់តឿនថា គឺជាទង្វើខុសឆ្គងអាចចាត់ទុកជាទារុ.ណកម្មផ្លូវចិត្តតាមអនុសញ្ញាច្បាប់អន្តរជាតិ (CAT) ដែលប្រទេសថៃជាសមាជិក ។ ប៉ុន្តែសមាជិកសភាថៃម្នាក់ថា ការបើកសំឡេងរំខានប៉ះពាល់ត្រឹមតែកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ និងចោទប្រកាន់កម្ពុជាធ្វើសកម្មភាពញុះញង់ ។

លោក កាន់ណាវី ស៊ឺបស៊ែង សមាជិកសភាថៃមកពីគណបក្សយុត្តិធម៌និយាយថា ការចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅតំបន់ព្រំដែន ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះ ឆ្កែលូ និងបញ្ចាំងកុនឯកសារ គឺពុំខុសច្បាប់ទេ ដោយសារការចាក់សំឡេងស្ថិតក្នុងទឹកដីថៃ ។ វាក៏មិនពាក់ព័ន្ធអនុសញ្ញាច្បាប់អន្តរជាតិ (CAT) ដែរ ប៉ុន្តែវានឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ។

សមាជិកសភាថៃរូបនេះចោទប្រកាន់កម្ពុជាបានបង្កហេតុញុះញង់ជាច្រើននាពេលកន្លងមក ដូចជា ប្រមូលផ្តុំពលរដ្ឋមកតវ៉ាជាមួយកងកម្លាំងប្រដាប់អាវុធថៃនៅព្រំដែន ដោយសមាជិកសភាប្រាប់ឱ្យកងទ័ពថៃកុំឱ្យញុះញង់ដូចកម្ពុជា និងចង់ឱ្យថៃបញ្ឈប់សកម្មភាពញុះញង់ដើម្បីឱ្យទទួលបានផលប្រយោជន៍ ហើយពិភពលោកនឹងគោរពថៃ ។ លោកក៏បានចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទម្លាក់កំហុសមកលើថៃ ។

លោក កាន់ណាវី យល់ឃើញថា ថៃចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅព្រំដែន មិនមែនជាយុទ្ធសាស្ត្រ ឬជាវិធីរបស់កងទ័ពទេ ដែលបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ធ្វើសកម្មភាពនៅព្រំដែន ។ នាពេលឆាប់ៗនេះ រដ្ឋាភិបាលថៃអាចនឹងមានវិធានការបញ្ឈប់ការចាក់សំឡេងរំខានពលរដ្ឋខ្មែរ ដោយសារថៃត្រូវធ្វើតាមកិច្ចព្រមព្រៀងទ្វេភាគី ។

លោកបានណែនាំឱ្យថៃគួរតែបង្ហាញឱ្យពិភពលោកមើលឃើញថា ជម្លោះព្រំដែនកម្ពុជា-ថៃពេលនេះបានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលសេដ្ឋកិច្ច រួមមាន ចំណូលទេសចរណ៍ ចំណូលពាណិជ្ជកម្ម ការវិនិយោគ និងបាត់បង់ទំនុកចិត្ត ។ ថៃគួរបង្ហាញចំណុចទាំងអស់នេះឱ្យពិភពលោកឃើញ ព្រមទាំងថៃអាចចរចាជាមួយកម្ពុជាថា ហេតុអ្វីកម្ពុជាពុំបញ្ចប់ជម្លោះជាមួយថៃ បើកម្ពុជាខាតបង់សេដ្ឋកិច្ច ។ ប៉ុន្តែលោកពុំបានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចថៃខ្លាំងជាងកម្ពុជាទេ ថាតើថៃប៉ះពាល់ និងបាត់បង់ផលប្រយោជន៍អ្វីខ្លះដោយសារជម្លោះព្រំដែន គឺថៃប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាងកម្ពុជាទៅទៀត ។

មុននេះ លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃបានប្រតិបកម្មនឹងសកម្មភាពរបស់បុគ្គល កាន់ ចមផ្លាំង គឺជា Influencer ដែលបានចាក់សំឡេងខ្មោចលង សំឡេងយន្តហោះ និងឆ្កែលូ រំខានការសម្រាករបស់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ដោយលោកស្រីថា ទង្វើនេះជាការបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងស្នើឱ្យរដ្ឋាភិបាលពិនិត្យមើលទង្វើរបស់បុគ្គលនេះឡើងវិញ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ និងយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃបានឃុបឃិតជាមួយបុគ្គល កាន់ ចមផ្លាំងយកឧបករណ៍បំពងសំឡេងលាន់ឭខ្លាំងមកចាក់សំឡេងរំខានដំណេកពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រាក និងផ្លូវចិត្តពលរដ្ឋខ្មែរ រួមមាន ៖ ចាស់ជរា អ្នកជំងឺ ជនពិការ ក្មេ.ងតូចៗ និងស្ត្រីមានផ្ទៃពោះ ។ លើសពីនេះ នៅយប់ថ្ងៃទី១២ ខែតុលា កងទ័ពថៃបានបញ្ចាំងកុនឯកសារនៅភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) ឱ្យពលរដ្ឋខ្មែរទស្សនាអតីតកាល និងដឹងគុណថៃ ៕