Influencer ម៉ីជេលលី បានបង្ហាញសាធារណជនថារូបភាពរបស់នាងត្រូវបានជនមិនស្គាល់ប្រើបច្ចេកវិទ្យា AI យកទៅធ្វើជារូបភាពអា.ក្រា.តកា.យបង្ហោះនៅក្នុងវេបសាយមិនសមរម្យ។ ឃើញមនុស្សស្រីត្រូវជនរងគ្រោះបែបនេះ ហ្វាហ្វា បានបង្ហាញការព្រួយបារម្ភចំពោះសម័យ AI ខណៈ អាង សុជាតា ថាសង្គមបច្ចុប្បន្នគឺគួរឱ្យខ្លាច។
កាលពីយប់ថ្ងៃទី១២ តុលា ម៉ីជេលលី បានបង្ហោះរូបភាពអមមួយជាមួយនឹងខ្លឹមសារថា « Hello បងៗ ខ្ញុំមានជនមិនស្គាល់មុខ យករូបខ្ញុំទៅធ្វើរូបអាក្រាតកាយជាមួយ(Ai Edit) ខ្ញុំក៏មិនយល់ថាវាធ្វើក្នុងបំណងអី ខ្ញុំនឹងព្យាយាមរកមុខវា ហើយធ្វើតាមផ្លូវច្បាប់ Ai ប្រើត្រូវជាផលប្រយោជន៍ ប្រើភ្លើរប្រយ័ត្នជាប់គុក អាគុក នៅមានរូបបងៗ influencer ផ្សេងៗទៀត»។
ឃើញ Influencer ម៉ីជេលលី រងគ្រោះបែបនេះតារាស្រីស៊ិចស៊ី ហ្វាហ្វា បាននិយាយថា សម័យ AI ហានិភ័យណាស់។ ជាមួយគ្នាតារាសម្តែង អាង សុជាតា មិត្តភក្តិ ឡូរីន បាននិយាយនៅលើបណ្តាញសង្គមថាកើតមកជាមនុស្សស្រីត្រូវប្រយ័ត្នគ្រប់ជំហាន។
អាង សុជាតា បានរៀបរាប់ថា «Take care guyssss កើតមកជាមនុស្សស្រីត្រូវតែប្រយ័ត្នគ្រប់ជំហាន រឿងខ្លះយើងមិនបានធ្វើ តែមានពពួកមនុស្សខិលខូចគ្មានសីលធម៌មួយចំនួនបំផ្លាញឈ្មោះយើង !! សង្គមបច្ចុប្បន្ននេះគួរឱ្យខ្លាចណាស់ មើលមិនដឹងអ្នកណាបំណងល្អពិតប្រាកដជាមួយយើងទេ»។
បន្ទាប់ពី Influencer ម៉ីជេលលី បង្ហាញដំណឹងដល់ទស្សនិកជនត្រូវជនអនាមិកយករូបនាងទៅធ្វើរឿងមិនសមរម្យនេះនាងក៏បានបង្ហាញថាពេលនេះរូបភាពរបស់នាងត្រូវបានលុបចេញពីវេបសាយនោះផងដែរ។
គួរឱ្យដឹងថា មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេដែលរងគ្រោះក្នុងសម័យទំនើបនេះងាកទៅកាន់តារា Kpop ល្បីៗជាច្រើនកន្លងមកក៏ត្រូវបានជនទុច្ចរិតយករូបភាពទៅធ្វើរឿងមិនសមរម្យស្រដៀងគ្នានេះដូចគ្នា៕