ចលនាពហិការរបស់បងប្អូនខ្មែរកំពុងហុចផលបន្តិចម្ដងៗហើយ! ពេលនេះម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅថៃ បានសម្រេចចាក់ទឹកដោះគោស្រស់ចោលទាំងឡាន ក្រោយឆ្អែតចិត្តនឹងរដ្ឋាភិបាលដែលអសមត្ថភាព មិនអាចរកទីផ្សារសម្រាប់ពួកគេបាន ស្របពេលដែលក្រុមហ៊ុនមួយចំនួនទៀតនៅកម្ពុជាអំពាវនាវរកជំនួយពីក្រសួងការបរទេស។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុកដែលតែងផ្សព្វផ្សាយពីការចិញ្ចឹមគោយកទឹកដោះនៅថៃបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងការសរសេដែលមានខ្លឹមសារថា៖ កុំមកនិយាយផ្អែមល្ហែម… មជ្ឈមណ្ឌលប្រមូលទឹកដោះគោរបស់កសិដ្ឋានទឹកដោះគោស្រស់ នៅតែត្រូវបង្ហូរទឹកដោះគោដែលគ្មានទីផ្សារចោលទៅវាលស្មៅ ដើម្បីសល់កន្លែងផ្ទុកសម្រាប់ទទួលទឹកដោះគោថ្មីពីសមាជិកផ្សេងបន្ថែមទៀតជារៀងរាល់ថ្ងៃ។ រដ្ឋាភិបាលសន្យាថានឹងដោះស្រាយបញ្ហានេះ… កុំសួរថាមជ្ឈមណ្ឌលនេះខាតប៉ុន្មាន។ ពួកគេបានបាត់លុយអស់ហើយ… សំខាន់ជាងនេះទៅទៀត សមាជិករាប់រយនាក់នឹងត្រូវដកចេញ។
នៅក្នុងការបង្ហោះនោះ គេឃើញមានរថយន្តមួយគ្រឿងដែលផ្ទុកទឹកដោះគោស្រស់ពេញ ត្រូវបានគេបើកបង្ហូរចោលទៅលើដី ដែលបញ្ជាក់បានថាទឹកដោះគោស្រស់របស់ថៃកំពុងជាប់គាំងមិនអាចលក់ចេញទៅណាបាន ចំពេលដែលមជ្ឈមណ្ឌលប្រមូលទឹកដោះគោត្រូវប្រមូលទិញទឹកដោះគោថ្មីៗពីម្ចាស់កសិដ្ឋានផ្សេងៗទៀតប៉ុន្តែគ្មានកន្លែងផ្ទុក ដូច្នេះជម្រើសចុងក្រោយគឺមានតែចាក់ចោលដើម្បីយកកន្លែងផ្ទុកទឹកដោះគោថ្មី។
ក្រៅពីឧស្សាហកម្មទឹកដោះគោនៅថៃកំពុងជួបការលំបាកក្នុងការរកទីផ្សារ វិស័យឯកជនថៃនៅកម្ពុជាក៏បានបង្ហាញក្ដីកង្វល់ពីស្ថានភាពចំណូលរបស់ពួកគេថាមានការដាំក្បាលចុះយ៉ាងខ្លាំង និងស្នើសុំឲ្យមានការអន្តរាគមន៍ពីក្រសួងការបរទេសថៃ ទៅពិភាក្សាឬចរចាជាមួយកម្ពុជា ធ្វើយ៉ាងណាឲ្យមានការបើកផ្លូវសម្រាប់អាជីវកម្មរបស់ពួកគេនៅកម្ពុជាផង។
ឆ្លើយតបនឹងការដង្ហើយរកជំនួយនេះ ក្រសួងការបរទេសថៃ គ្រោងនឹងធ្វើសេចក្តីសង្ខេបជូនគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចអំពីស្ថានភាពបច្ចុប្បន្ននៃធុរកិច្ចថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជា ហើយអាជ្ញាធរថៃក៏មានគម្រោងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីកាត់បន្ថយការរំខានដែលប៉ះពាល់ដល់អាជីវករ និងសហគមន៍មូលដ្ឋាននៅតាមព្រំដែនកម្ពុជា-ថៃ។
បើទោះបីជាកំពុងប្រឈមនឹងការខាតបង់យ៉ាងច្រើនក្តី ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura នៅតែបដិសេធចំពោះរាល់សំណើរបើកច្រកព្រំដែនឡើងវិញ ដោយអះអាងថា វិស័យឯកជនយល់យ៉ាងច្បាស់អំពីហេតុផលសន្តិសុខដែលនៅពីក្រោយការបិទព្រំដែនរបស់ថៃ និងសម្តែងការយល់ចិត្តចំពោះជំហររបស់រដ្ឋាភិបាលថៃ។ ជាមួយគ្នាអ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសថៃនៅតែមានទំនុកចិត្តលើវិស័យការទូតហើយ ថ្លែងទាំងគ្មានភាពខ្មាសអៀនថាប្រសិនបើកម្ពុជាចរចាដោយស្មោះត្រង់ នោះស្ថានការណ៍នឹងប្រសើរឡើង៕