តារារ៉េប វណ្ណដា បានយកគណនីផ្ទាល់ខ្លួនចែករំលែកបន្តពីសកម្មភាពខុសច្បាប់របស់ថៃដែលប្រើគ្រឿងចាក់ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជានាថ្ងៃទី១០ ខែតុលានេះ។ ជាមួយនឹងខ្លឹមសារ វណ្ណដា បានបង្ហាញការខឹងសម្បារនិងឱ្យថៃចាកចេញពីប្រទេសរបស់ខ្លួន។
ម៉ាន់ វណ្ណដា បានចែករំលែកការបង្ហោះដោយភ្ជាប់មកជាមួយនឹងសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា «កម្លាំងចម្រុះរបស់ប្រទេសថៃ បន្តទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥»។ វណ្ណដា បានបន្ថែមឃ្លាថា «ចាកចេញពីប្រទេសរបស់ខ្ញុំ» ជាមួយនឹងរូប Emoji មួយ ។
តារាចម្រៀងរ៉េបដ៏មានឥទ្ធិពលប្រចាំប្រទេសកម្ពុជារូបនេះក៏បានចែករំលែកបន្ថែមទៀតទាក់ទងនឹងសកម្មភាពទន្ទ្រានរបស់ភាគីថៃ។ ទង្វើរបស់ថៃគឺមិនខ្លាចនឹងច្បាប់អន្តរជាតិឡើយ។
គួរឱ្យដឹងថា ភ្លាមៗបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាថ្មីកន្លែងដែលកងកម្លាំងថៃ និងគ្រឿងចក្រ បានបំពានអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ៕