បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា បានចេញលិខិតឆ្លើយតបចំពោះការជូនដំណឹងស្ដីពីការដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (កម្ពុជា) ពីសំណាក់កងកម្លាំងបូព៌ាថៃ ថាគឺជាអនុវត្តផ្ទុយពីសេចក្ដីសម្រេចនៃកិច្ចប្រជុំ GBC លើកទី១ និងស្នើឲ្យថៃផ្អាកសកម្មភាពនេះជាបន្ទាន់។
តាមលិខិតរបស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ កម្ពុជា ចេញនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដែលផ្ញើទៅកាន់មេបញ្ជាការនៃកងកម្លាំងបូព៌ារបស់ថៃ បានបញ្ជាក់ថា៖
យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការងារដោះមីនមនុស្សធម៌ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តជាជំហានៗដូចខាងក្រោម៖
១- ភាគីកម្ពុជា និងភាគីថៃត្រូវបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយដែលក្រុមការងារ នេះត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
២. បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូត មកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន ២ លើករួចមកហើយ។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បី ពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់ សម្គាល់។ ចំណែកចំណុចដែលនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែម ទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។
៣. ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រម ព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។
ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រង់ចាំការសម្រេចពីថ្នាក់លើ របស់ក្រុមការងារ JCTF។ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP)។
បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាទទួល បានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕