ប្រទេសថៃ ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ នៅក្រសួងការបរទេសថៃកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក ចាង ចៀនវៃ បានប្រកាសពីចិនប្រកាន់គោលជំហរកណ្តាល និងជំរុញសន្តិភាពរវាងកម្ពុជា-ថៃ ។ ចិនក៏បានបញ្ជាក់ជាថ្មីពុំបានបញ្ជូនអាវុ.ធឱ្យកម្ពុជាធ្វើសង្គ្រា.មជាមួយថៃទេ រីឯអាវុធរបស់ចិននៅកម្ពុជានោះ គឺស្ថិតក្នុងគម្រោងកិច្ចសហការដែលមានស្រាប់ប៉ុណ្ណោះ ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក ចាង បានបង្ហាញក្តីរីករាយទៅកាន់លោក សីហស័ក្តិ ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ព្រមទាំងនិយាយថា នៅឆ្នាំ២០២៥ គឺជាគម្រប់ខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតចិន-ថៃ ដោយប្រទេសទាំងពីរបានប្រារព្ធខួបទំនាក់ទំនងការទូតជាបន្តបន្ទាប់ ។ ចិនត្រៀមខ្លួនកសាងសហគមន៍ចិន-ថៃនាថ្ងៃអនាគតរួមគ្នាឱ្យកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងតំបន់ ។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ក៏បានបង្ហាញក្តីរីករាយផងដែរចំពោះលោក ចាង ដែលកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ ដោយលោក សីហស័ក្តិ បានបញ្ជាក់ពីថៃផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើទំនាក់ទំនងជាមួយចិន ។ ថៃសង្ឃឹមនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ផ្នែក ជំរុញការអភិវឌ្ឍរួមគ្នា ក៏ដូចជាគាំទ្រសន្តិភាព ការរីកចម្រើនក្នុងតំបន់ រួមទាំងពិភពលោក ។

ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ។ ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតចិន លោក ចាង បញ្ជាក់ជាថ្មីថា ចិនពុំទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃទេ ចិនប្រកាន់យកនូវគោលជំហរកណ្តាលក្នុងការជំរុញសន្តិភាព និងការចរចារវាងកម្ពុជា-ថៃរហូតមក ។ ចិនពុំធ្លាប់បញ្ជូនអាវុធឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃ រីឯអាវុធរបស់ចិននៅកម្ពុជានោះ គឺស្ថិតក្នុងគម្រោងកិច្ចសហការដែលមានស្រាប់ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកនយោបាយ និងពលរដ្ឋថៃបានចោទប្រកាន់ចិនបញ្ជូនអាវុធមកឱ្យកម្ពុជាធ្វើសង្គ្រាមជាមួយថៃ ក្រោយពីសារព័ត៌មាន New York Times ចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៥ ថា ចិនផ្គត់ផ្គង់អាវុធដល់កម្ពុជាស្របពេលមានជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែត្រូវបានស្ថានទូតចិនប្រចាំប្រទេសថៃច្រានចោលព័ត៌មាននេះ ។

ចិនបានអំពាវនាវឱ្យកម្ពុជា-ថៃគិតពីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសុវត្ថិភាពរបស់ពលរដ្ឋ ដើម្បីឱ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរធូរស្រាលឡើងវិញ ។ ចិនពុំគាំទ្រការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងមិនល្អ និងញុះញង់ឱ្យមានវឹកវរ ៕