ខេត្តសៀមរាប ប្រទេសកម្ពុជា – មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព ប្រកាសផ្សព្វផ្សាយលើយុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ។
យុទ្ធនាការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។
យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជាបានកត់ត្រាករណីមហារីកកុមារប្រមាណ ៥៥៣ ករណីក្នុងឆ្នាំ ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេលដែល ៨០% នៃកុមារដែលមានជំងឺមហារីកអាចរស់រានមានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមានត្រឹម ២០% ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រៀងរាល់ ៤០នាទីម្តង មនុស្សម្នាក់បានស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។
វេជ្ជបណ្ឌិត ប៊ុន សិរីលក្ខណ៍ គ្រូពេទ្យឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យកុមារអង្គរ និងជាសមាជិកនៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកបានមានប្រសាសន៍ថា “ក្នុងនាមជាគ្រូពេទ្យឯកទេសជំងឺមហារីកកុមារគឺពិតជាពិបាកណាស់ នៅពេលមើលឃើញកុមាររងការឈឺចាប់ពីជំងឺមហារីក។ កុមារគ្រប់រូបគួរតែទទួលបានឱកាស ពិនិត្យ ព្យាបាល ដើម្បីរស់រាន និងលេងកម្សាន្តដូចគេដែរ។”
មន្ទីរពេទ្យកុមារអង្គរបានបង្កើតផ្នែកព្យាបាលជំងឺមហារីករបស់ខ្លួននៅក្នុងឆ្នាំ ២០១២ ដោយចាប់ផ្តើមពីការព្យាបាលជំងឺមហារីកបាតភ្នែក។ នៅឆ្នាំ ២០២១ អគារព្យាបាលជំងឺមហារីកកុមារត្រូវបានបើកដំណើរការជាផ្លូវការ។ បច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរ បានព្យាបាលជំងឺមហារីកកុមារប្រមាណ ៣០ប្រភេទ បានព្យាបាលកុមារចំនួន ៥០៨ ករណី និងបានណាត់ជួបពិគ្រោះព្យាបាលជំងឺចំនួន ៣ ៣៩៧ករណី។
ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គររួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយចាក់ថ្នាំគីមី ឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ រួមជាមួយនឹងការគ្រប់គ្រងការឈឺចាប់។ គ្រួសារក៏ទទួលបានការប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ ជំនួយអាហារ និងការអប់រំ ដើម្បីជួយមើលថែទាំកូនៗនៅផ្ទះ។
ប្រតិបត្តិការអគារជំងឺមហារីកកុមារមានតម្លៃជិត ៥០០ ០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលជាផ្នែកមួយត្រូវការថវិកាចាំបាច់។ ប្រសិនបើគ្មានជំនួយដើម្បីបំពេញការខ្វះខាតចំនួន ២០០ ០០០ ដុល្លារអាមេរិក ការថែទាំអាចនឹងត្រូវបានប៉ះពាល់ និងមានការប្រឈមលើលទ្ធភាពនៅក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ ជាពិសេសកុមារមកពីក្រុមគ្រួសារដែលគ្មានលទ្ធភាព។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ជានាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ការគាំទ្ររបស់អ្នកមានន័យលើសពីការបរិច្ចាគ។ ថវិកាមិនថាតិច ឬច្រើន នឹងបានជាចំណែកនៅក្នុងការព្យាបាលកុមារជាច្រើន ជាពិសេសកុមារដែលមានជំងឺមហារីក ឱ្យទទួលបានួូវសុខភាពល្អ ដូចជាកុមារជាច្រើនទៀត។”
កំណត់ចំណាំសម្រាប់សារព័ត៌មាន៖
- មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ។
- ស្ថិតិដែលបានលើកឡើងនៅក្នុងការចេញផ្សាយនេះត្រូវបានដកស្រង់ចេញពី International Cancer Control Partnership (ICCP) the WHO International Agency for Research on Cancer និងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក។
- ប្រភព៖ WHO, Childhood Cancer Overview , Ministry of Health, National Cancer Control Plan 2025-20230
- ព័ត៌មានអំពីមន្ទីរពេទ្យកុមារអង្គរ៖ angkorhospital.org
ទំនាក់ទំនងសារព័ត៌មាន៖
ថេន រតន៍ (ប្រធានផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយព័ត៌មានក្នុងប្រទេស)
លេខទូរស័ព្ទ/អ៉ីម៉ែល៖ ០៦៩ ៥៧ ៣៩ ៨០ / rorththan@angkorhospital.org