នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ៣០ ខែកញ្ញា Lee Chae Min បាននិយាយពីមិត្តស្រីលើកដំបូងក្នុងការសម្ភាសន៍បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងការសម្តែងជាមួយរៀមច្បង YoonA ក្នុងរឿង «Bon Appétit , Your Majesty»។
នៅពេលដែលត្រូវបានសួរថា តើការណាត់ជួបជាសាធារណៈដាក់សម្ពាធ ឬបន្ទុកលើលោកពេលសម្តែងក្នុងរឿងមនោសញ្ចេតនាដែរឬទេ?។ Lee Chae Min បាននិយាយដោយត្រង់ៗថា «វាមិនមែនជាសម្ពាធទេ ផ្ទុយទៅវិញ វាជាកម្លាំងចិត្តសម្រាប់ខ្ញុំក្នុងការផ្តោតអារម្មណ៍លើតួអង្គបន្ថែមទៀត។ខ្ញុំតែងតែព្យាយាមធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាជាតួអង្គដែលខ្ញុំសម្ដែងមិនមែនជារូបខ្ញុំពិតនោះទេ។ នោះជួយឱ្យទស្សនិកជនជ្រួតជ្រាបក្នុងភាពយន្ត ហើយទន្ទឹមនឹងនោះក៏ជួយឱ្យខ្ញុំគ្រប់គ្រងចិត្តបានល្អផងដែរ»។

នៅពេលអ្នកសារព័ត៌មានចង់ដឹងអំពីប្រតិកម្មរបស់ Ryu Da In មិត្តស្រីរបស់តារាប្រុសរូបនេះ ក្នុងរឿង «Bon Appétit , Your Majesty» Lee Chae Min បាននិយាយថា «តាមពិតទៅ យើងមិននិយាយច្រើនអំពីការងាររបស់គ្នាទៅវិញទៅមកទេ នេះជាបញ្ហារសើប ដូច្នេះខ្ញុំមិនអាចចែករំលែកបន្ថែមបានទេ»។ ថ្មីៗនេះ ការបង្ហោះ Instagram ផ្ទាល់ខ្លួនរបស់ Lee Chae Min និង Ryu Da In ត្រូវបានគេនិយាយថាជា «Lovestagram» ដោយសារតែនំខួបកំណើតនៅក្នុងរូបថតរបស់អ្នកទាំងពីរត្រូវបានកុម្ម៉ង់ពីហាងតែមួយ ដែលមានលេខទៀនដូចគ្នាគឺលេខ «២៥»។
យ៉ាងណាមិញ Lee Chae Min បានបដិសេធដោយនិយាយថា «ខ្ញុំបានឃើញអត្ថបទនោះ ដែរ ប៉ុន្តែវាមិនមែនជាការពិតទេ។ ខ្ញុំភ្ញាក់ផ្អើលដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង»។ តារារូបនេះក៏បដិសេធមិនពាក់ចិញ្ចៀនជាមួយមិត្តស្រីដែរ ដោយពន្យល់ថា «វាគ្រាន់តែជាម៉ូតសំលៀកបំពាក់ប៉ុណ្ណោះ។ ពេលនោះខ្ញុំមិននឹកស្មានថាមានអ្នកសារព័ត៌មានមកថតរូបនៅទីនោះ ហើយក៏មិននឹកស្មានថារូបភាពនឹងផ្សាយដែរ នៅថ្ងៃនោះគ្រាន់តែជាពិធីជប់លៀងដើម្បីបញ្ចប់រឿងប៉ុណ្ណោះ នេះជាកំហុសរបស់ខ្ញុំ»។
Lee Chae Min និង Ryu Da In ទាំងពីរបានដើរតួជាមួយគ្នាក្នុងរឿង «Crash Course in Love» ឆ្នាំ ២០២៣ ។ អ្នកទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីត្រូវបានគេប្រទះឃើញដើរចាប់ដៃគ្នានៅតាមផ្លូវក្នុងខែមីនា ឆ្នាំ ២០២៤។ Lee Chae Min ក៏បានកាន់អាវធំ និងកាបូបរបស់ Ryu Da In ផងដែរ។ អ្នកទាំងពីរមានទំនាក់ទំនងជាសាធារណៈជាច្រើនលើបណ្ដាញសង្គមដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត។ ចំណងស្នេហ៍របស់ពួកគេមានការគាំទ្រព្រោះតារាទាំងពីរមានអាយុដូចគ្នា ហើយមានរូបរាងគួរសមនិងរូបសម្រស់ស្រស់ស្អាត៕