ប្រទេសថៃ ៖ ក្នុងពិធីទទួលតំណែងជាផ្លូវការនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃ បានប្តេជ្ញាចិត្តយកគំរូតាមលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ ។ មេបញ្ជាការយោធភូមិភាគ២ថ្មីនឹងដឹកនាំកងទ័ពភូមិភាគ២ ឱ្យបំពេញការងារមានប្រសិទ្ធភាពក្នុងការរក្សាឯករាជ្យ ព្រមទាំងអធិបតេយ្យជូនជាតិ សាសនា និងព្រះមហាក្សត្រ ។
នាវេលាម៉ោង៧និង៩នាទីព្រឹក ថ្ងៃទី២ ខែតុលា នៅបញ្ជាការដ្ឋានកងទ័ពភូមិភាគ២ ស្រុកមឿងនគរាជសីម៉ា ខេត្តនគរាជសីម៉ា មានរៀបចំពិធីប្រគល់ និងទទួលតំណែងមេបញ្ជាការយោធភូមិភាគ២ រវាងលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ និងលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានការចូលរួមពីកងទ័ពភូមិភាគ២ និងសមាគមភរិយាកងទ័ពជើងគោក ។
លោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ បាននិយាយក្នុងពិធីថា សូមកងទ័ពទាំងអស់ប្រកាន់ខ្ជាប់នូវការបំពេញភារកិច្ចដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយហ៊ានលះបង់ជីវិតមិនឱ្យអ្នកណាល្មើសទឹកដីដាច់ខាត ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋ ។ លោកជឿជាក់ថា មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានសមត្ថភាព និងបទពិសោធន៍ នឹងអាចដឹកនាំកងទ័ពភូមិភាគ២ ឱ្យសម្រេចភារកិច្ច ។
ចំណែកលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី បានអរគុណដល់ស្តេចថៃដែលបានតែងតាំងខ្លួនឱ្យកាន់តំណែងបន្តពីលោក ប៊ុនស៊ីន និងប្តេជ្ញាបំពេញតួនាទីអស់ពីសមត្ថភាព រួមទាំងរក្សាឯករាជ្យ អធិបតេយ្យ មិនឱ្យមានការល្មើសពីប្រទេសជិតខាង ។ ក្រៅពីនេះ លោក វីរៈយុទ្ធ នឹងរក្សាផលប្រយោជន៍ ក៏ដូចជាផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ។
លោក វីរៈយុទ្ធ បានសំណូមពរឱ្យកងទ័ពគ្រប់រូបមានមោទនភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋលើសអ្វីៗទាំងអស់ មិនថាមានអ្វីកើតឡើងក៏ដោយ ។ លោកក៏បានសរសើរការបំពេញតួនាទីរបស់លោក ប៊ុនស៊ីន និងអប់រំលោកកន្លងមក ព្រមទាំងប្តេជ្ញាយកគំរូតាមលោក ប៊ុនស៊ីន ។
គួរបញ្ជាក់ថា លោក ប៊ុនស៊ីន អតីតមេបញ្ជាការយោធភូមិភាគ២ គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃនៅទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វព្រះទ័យចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពានរូបនេះធ្វើជាអង្គរក្សពិសេស ។
រីឯលោក វីរៈយុទ្ធ មេបញ្ជាការយោធភូមិភាគ២ថ្មី ធ្លាប់ធ្វើការរួមគ្នាជាមួយលោក ប៊ុនស៊ីន និងមានចិត្តគំនិតមិនខុសគ្នាពីលោក ប៊ុនស៊ីន ប៉ុន្មានទេ ចំពោះទំនាក់ទំនងជាមួយកម្ពុជា ។ ពេលសង្គ្រាមរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពថៃបាញ់ប្រហារមុនមកលើកងទ័ពខ្មែរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា លោក វីរៈយុទ្ធ បានចូលរួមជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខ ៕