កញ្ញា ដេត ស្រីនាឌ ដែលត្រូវបានតែងតាំងជា Miss Charm Cambodia 2០25 បានដាច់ចិត្តស្នើសុំមហាជនជួយគាំទ្រនាងក្នុងដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិដែលត្រូវប្រកួតនៅឯប្រទេសវៀតណាម។

ឆ្លងកាត់ព្យុះភ្លៀងនៃការរិះគន់ពីមហាជន ដេត ស្រីនាឌ បានប្រឹងប្រែងតស៊ូក្នុងវិស័យបវរកញ្ញាក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភីក្នុងការប្រកួតក្នុងស្រុកដោយបានក្លាយជា Miss Lakamo Cambodia 2025 កាលពីខែកក្កដា កន្លងមកនេះ។ បន្ទាប់ពីទទួលជ័យជម្នះក្នុងកម្មវិធីនេះ ដេត ស្រីនាឌ ត្រូវបានជ្រើសរើសក្នុងនាមជា Miss Charm Cambodia 2០25 ដែលនឹងត្រូវប្រកួតតំណាងឱ្យប្រទេសកម្ពុជានៅលើទឹកដីវៀតណាម។ នេះជាបេកកម្មដ៏សំខាន់សម្រាប់ ដេត ស្រីនាឌ បន្ទាប់ពីបរាជ័យក្នុងការប្រកួតតំណាងប្រទេសនិងរងការរិះគន់ពីមហាជននាកន្លងមក។
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ដេត ស្រីនាឌ បានដាច់ចិត្តស្នើសុំឱ្យមហាជនជួយគាំទ្រនាង។ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា Miss Charm Cambodia 2០25 បានបង្ហោះសំណេរយ៉ាងដូច្នេះថា «ជម្រាបសួរ ពុកម៉ែ បងប្អូន ប្រជាជនកម្ពុជាជាទីគោរពស្រលាញ់ ទាំងអស់គ្នា។ នាងខ្ញុំ ដេត ស្រីនាឌ សូមលើកម្រាមដៃ ១០ គោរពអំពាវនាវសូមការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា និង បណ្តារអ្នកឧបត្ថម្ភទាំងអស់ ចូលរួមគាំទ្ររូបនាងខ្ញុំ ក្នុងដំណើរទៅកាន់ការប្រកួត Miss Charm 2025 នៅប្រទេសវៀតណាមនាពាក់កណ្តាលខែ ១១ ខាងមុខនេះ ។ ហើយ Miss Charm នឹងបង្ហោះរូប និង វីឌីអូណែនាំខ្លួន / តំបន់ទេសចរណ៍….របស់បេក្ខភាពជុំវិញពិភពលោកនាពេលឆាប់ៗនេះ ដូច្នេះសូម ពុកម៉ែ បងប្អូន ជាទីគោរពស្រលាញ់ទាំងអស់ ចូលរួមបង្ហាញការគាំទ្រទៅលើបេក្ខភាព កម្ពុជា យើងឱ្យបានច្រើនៗ សូមអរគុណ»។
នេះជាចំណុចរបត់ដ៏សំខាន់សម្រាប់ ដេត ស្រីនាឌ ក្នុងការបំពេញកាតព្វកិច្ចតំណាងប្រទេសកម្ពុជាបន្ទាប់ពីខកខានតំណាងឱ្យកម្ពុជាចំនួន២ដងនាពេលកន្លងមកក្នុងកម្មវិធី Miss planet International 2024 និង កម្មវិធី Miss Grand International 2019 ៕










