ប្រទេសថៃ ៖ សាស្ត្រាចារ្យសេដ្ឋកិច្ច និងនយោបាយថៃបានសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនបិទព្រំដែនជាមួយកម្ពុជារៀងរហូត ក្រោមហេតុផលពលរដ្ឋថៃឆ្លងដែនមកលេងកាស៊ីណូនៅទីក្រុងប៉ោយប៉ែត ។ សាស្ត្រាចារ្យរូបនេះចាត់ទុកការបិទព្រំដែនជាការអប់រំកម្ពុជា និងបង្ហាញពីភាពខ្លាំងឱ្យកម្ពុជាមើលឃើញថា រដ្ឋាភិបាលថៃពុំលះបង់ប្រទេសជាតិដើម្បីផលប្រយោជន៍របស់អ្នកនយោបាយ ឬបុគ្គលមួយចំនួន ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សាស្ត្រាចារ្យសេដ្ឋកិច្ច និងនយោបាយ អ្នកស្រី ឈិតតាវ៉ាន់ ឆាណាក់គូន បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលើកឡើងពីថៃបិទព្រំដែន១០០ឆ្នាំ ក៏ពុំប៉ះពាល់កម្ពុជា ។ ស្ត្រីរូបនេះថា តាមការសិក្សាទិន្នន័យ គឺប្រាក់ចំណូលកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃបានធ្លាក់ចុះខ្លាំង ដោយសារវិធានការរឹតបន្តឹងព្រំដែន ។
ស្ត្រីរូបនេះរៀបរាប់ថា កាលពីខែមិថុនា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ កងទ័ពភូមិភាគ១របស់ថៃបានកែសម្រួលពេលវេលាបើក-បិទព្រំដែន ធ្វើឱ្យកាស៊ីណូមួយនៅទីក្រុងប៉ោយប៉ែតមានភ្ញៀវចូលលេងធ្លាក់ចុះរហូតដល់៦២% ។ រីឯការស្នាក់នៅក្នុងសណ្ឋាគារក្បែរនោះធ្លាក់ចុះ៤២%ក្នុង១ថ្ងៃ រហូតដល់ប្រាក់ចំណូលនៅត្រីមាសទី២ (ចាប់ពីមេសា ដល់ខែមិថុនា) របស់កាស៊ីណូនេះធ្លាក់ចុះ៣១.៤% ។
កម្ពុជាបានហាមឃាត់ពលរដ្ឋចូលលេងកាស៊ីណូ ទើបធ្វើឱ្យប្រាក់ចំណូលកាស៊ីណូភាគច្រើនបានពីជនបរទេសចូលលេងកាស៊ីណូ រួមមាន ៖ ថៃ ស្មើ៣០.៩%, វៀតណាម ១៤% និងចិន ១១.១% ។ ជនជាតិថៃបានចូលលេងកាស៊ីណូច្រើនជាងជនជាតិផ្សេង ដោយសាររដ្ឋាភិបាលថៃគ្រប់អាណត្តិគ្មានច្បាប់ ឬវិធានការទប់ស្កាត់មិនឱ្យពលរដ្ឋចូលកាស៊ីណូ ទើបជនជាតិថៃអាចចូលកាស៊ីណូយ៉ាងសេរី ។
ប្រទេសចិនបានហាមឃាត់ពលរដ្ឋចូលកាស៊ីណូក្នុងប្រទេស និងក្រៅប្រទេស រួមទាំងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ។ ហេតុនេះ ជនជាតិចិនត្រូវប្រុងប្រយ័ត្នក្នុងការចូលកាស៊ីណូនៅក្រៅប្រទេស ដោយសារប្រឈមនឹងការចាត់វិធានការផ្លូវច្បាប់ពេលត្រឡប់ទៅចិន ។ រីឯកូរ៉េខាងត្បូងហាមឃាត់ពលរដ្ឋលេងកាស៊ីណូក្នុងប្រទេស និងចាត់ទុកការចូលកាស៊ីណូនៅក្រៅប្រទេស គឺខុសច្បាប់ ។
ពលរដ្ឋ អ្នកនយោបាយ និងមន្ត្រីរាជការថៃ ដែលបើកកាស៊ីណូ វែបសាយខុសច្បាប់ និងលក់ថ្នាំញៀនឆ្លងចូលទឹកដីកម្ពុជាដោយងាយ គឺធ្វើឱ្យកាស៊ីណូនៅកម្ពុជាកើនឡើងច្រើន ។ កាលពីឆ្នាំ២០១៤ កម្ពុជាមានកាស៊ីណូចំនួន៥៧កន្លែង នៅឆ្នាំ២០១៩ កាស៊ីណូកើនឡើងដល់១៥០កន្លែង ដោយស្ត្រីរូបនេះបានចោទប្រកាន់ និងមូលបង្កាច់កម្ពុជាយកប្រាក់ចំណូលពីកាស៊ីណូមកទិញអាវុធឱ្យកងទ័ពធ្វើសង្គ្រាមជាមួយកងទ័ពថៃ និងពលរដ្ឋថៃ ។
ស្ត្រីរូបនេះបន្តថា កម្ពុជាមានពលរដ្ឋត្រឹមតែ១៧លាននាក់ ខណៈថៃមានពលរដ្ឋរហូតដល់៧០លាននាក់ ប៉ុន្តែកម្ពុជាថា ការបិទព្រំដែន១០០ឆ្នាំ មិនប៉ះពាល់កម្ពុជា គឺវាដូចគ្នានឹងការទះកំផ្លៀងថៃ ។ ស្ត្រីរូបនេះថែមទាំងនិយាយបំភ្លៃថា កងទ័ពកម្ពុជាហ៊ានធ្វើសង្គ្រាមជាមួយថៃ ដោយសារឃើញអ្នកនយោបាយ មន្ត្រីរាជការ និងឈ្មួញថៃមួយចំនួនមិនស្រឡាញ់ជាតិ គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាងប្រយោជន៍ជាតិ ។
ទើបស្ត្រីរូបនេះសំណូមពរឱ្យរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន អប់រំកម្ពុជាដោយការបិទព្រំដែនកម្ពុជា-ថៃ ។ វាមិនត្រឹមតែធ្វើឱ្យពលរដ្ឋថៃនៅឆ្ងាយពីកាស៊ីណូប៉ុណ្ណោះទេ គឺវាជាការបង្ហាញពីភាពខ្លាំងឱ្យកម្ពុជាមើលឃើញថា រដ្ឋាភិបាលថៃពុំលះបង់ប្រទេសជាតិដើម្បីផលប្រយោជន៍របស់អ្នកនយោបាយ ឬបុគ្គលមួយចំនួន ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យថៃ ។
គួរបញ្ជាក់ថា ខ្លឹមសារខាងលើនេះជាការចោទប្រកាន់របស់សាស្ត្រាចារ្យថៃ ដែលសំណូមពរឱ្យរដ្ឋាភិបាលរបស់ខ្លួនបិទព្រំដែនជាមួយកម្ពុជារៀងរហូត ដោយនិយាយបំភ្លៃថា កាស៊ីណូនៅទីក្រុងប៉ោយប៉ែត មានចំនួនកើនឡើងធ្វើឱ្យពលរដ្ឋថៃឆ្លងដែនមកកម្ពុជាច្រើន ៕










