ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តលើជម្លោះព្រំដែនកម្ពុជា-ថៃ និងធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗបើស្ថានការណ៍កាន់តែតានតឹង ដោយលោកចោទប្រកាន់កម្ពុជាបង្កហេតុគ្រប់ពេលវេលា ទើបគ្មានការចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ លោកប្រគល់តួនាទីឱ្យក្រសួងការបរទេសទទួលខុសត្រូវការទូត និងបន្តបិទព្រំដែន លុះត្រាតែថៃយល់ថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។.png)
លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៦ ខែកញ្ញា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ការស្នើឱ្យលុបចោល MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ គឺស្ថិតក្រោមនយោបាយរបស់រដ្ឋាភិបាលនៅឡើយដើម្បីកុំឱ្យប្រទេសទាំងពីរមានជម្លោះកាន់តែខ្លាំង ។ ពេលនេះ លោកបានឱ្យសភាតំណាងរាស្ត្របង្កើតគណៈកម្មការសិក្សាពី MOU ។
នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាបង្កហេតុគ្រប់ពេលវេលានៅតំបន់ព្រំដែនជាច្រើនកន្លែង ហើយថាកងទ័ពថៃអត់ធ្មត់ខ្លាំង និងត្រៀមខ្លួនរួចហើយ ។ លោកបានផ្តល់អំណាចពេញលេញឱ្យកងទ័ពធ្វើប្រតិបត្តិការនៅព្រំដែន និងនិយាយជាមួយលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក អាឌុល ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីគោលជំហររបស់រដ្ឋាភិបាលថៃ និងគោលជំហរនាយករដ្ឋមន្ត្រី រួមទាំងជជែកតាមទូរស័ព្ទជាមួយលោក ផាណា ក្លេវប្លតថុក មេបញ្ជាការកងទ័ពជើងគោក ឱ្យយល់ពីតួនាទី ក៏ដូចជាបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជា ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា ពេលនេះ លោក អនុថីន មានអំណាចពេញលេញជានាយករដ្ឋមន្ត្រីថៃ តើលោកនឹងជជែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែរឬទេ ដើម្បីឱ្យស្ថានការណ៍ធូរស្រាល បើមិនចរចាជម្លោះនឹងអូសបន្លាយបែបនេះ? លោក អនុថីន ឆ្លើយថា ពុំចរចាជាមួយថ្នាក់ដឹកនាំកម្ពុជាទេ ការការពារទឹកដី អធិបតេយ្យ រួមទាំងសុវត្ថិភាពប្រទេស និងពលរដ្ឋ គឺជាអំណាចរបស់កងទ័ព ។ លោកបន្តបិទព្រំដែន លុះត្រាតែថៃយល់ថាកម្ពុជាលែងបង្កគ្រោះថ្នាក់ ។
ដោយឡែក រឿងការទូត លោកបានប្រគល់តួនាទីឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស ពីព្រោះមានជំនាញខាងកិច្ចការបរទេស និងការទូត ។ រីឯការរក្សាទំនាក់ទំនងល្អ ឬដោះស្រាយជម្លោះ គឺលោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីកំណត់វិធានការបន្តទៀត ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ផេកផ្លូវការរបស់មជ្ឈមណ្ឌលប្រតិបត្តិការតំបន់កងទ័ពទី២របស់ថៃ និងសារព័ត៌មានថៃមួយចំនួនផ្សាយថា កម្ពុជាបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូល និងឮសំឡេងកាំភ្លើង ឮសំឡេងផ្ទុះគ្រាប់បែក និងរកឃើញការចូលជិតបន្លាលួស ព្រមទាំងមានការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយ ។ ក្រសួងការពារជាតិកម្ពុជាបានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដូចការលើកឡើងរបស់ថៃឡើយ ។.png)
កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សាកិច្ចសហការល្អជាមួយគ្នា ៕
 
		 
	









