ប្រទេសថៃ៖ នៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2025 សមាជិកនៃសហករណ៍ទឹកដោះគោថៃ-ដាណឺម៉ាកជាង100នាក់ បាននាំគ្នាបើកការតវ៉ា និងចាក់ទឹកដោះគោចោលនៅចំពោះមុខការិយាល័យ«អង្គការលើកកម្ពស់ការផលិតទឹកដោះគោនៃប្រទេសថៃ (DPO)» ក្រោយទឹកដោះគោស្រស់របស់ពួកគេជួបវិបត្តិលក់លែងដាច់ ធ្វើឲ្យម្ចាស់កសិដ្ឋានជំពាក់បំណុលវ័ណ្ឌកមិនអាចដោះស្រាយបាន។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃបានឲ្យដឹងថា លោក Thirachai Kriangkraiwekin ប្រធានក្រុមហ៊ុន Thai-Danish Milk Co., Ltd. បានដាក់លិខិត និងបង្កើតចលនាចាក់ទឹកដោះគោចោលដើម្បីតវ៉ាទាមទារឱ្យអ្នកគ្រប់គ្រងអង្គការលើកកម្ពស់ការផលិតទឹកដោះគោថៃ (DPO) ទទួលខុសត្រូវចំពោះការគ្រប់គ្រងខ្វះចន្លោះដែលបណ្ដាលឲ្យប៉ះពាល់ដល់សហករណ៍ជាប់បំណុលជាង 600 លានបាត (ជាង18លានដុល្លារអាមេរិក)។
យោងតាមអនុស្សារណៈនៃការយោគយល់ (MOU) សមាជិកនៃសហករណ៍ទឹកដោះគោថៃ-ដាណឺម៉ាក លីមីតធីត បានលក់ទឹកដោះគោស្រស់ទៅឱ្យ DPO ក្រោម MOU រយៈពេល 45 ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ DPO មានការយឺតយ៉ាវក្នុងការបង់ប្រាក់ទឹកដោះគោឆៅ បណ្តាលឱ្យមានការលំបាកលើផ្នែកហិរញ្ញវត្ថុសម្រាប់សហករណ៍ ដែលមិនមានលទ្ធភាពទូទាត់ទឹកដោះគោឆៅដល់កសិករ និងកម្មករនៅកសិដ្ឋានផលិតទឹកដោះគោ។

ជាមួយគ្នានេះ បើតាមការសេចក្ដីព័ត៌មានពីប្រភពច្បាស់ការជាច្រើននៅក្នុងប្រទេសថៃបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 800 លានបាតទៅឲ្យទីភ្នាក់ងារផ្សព្វផ្សាយទឹកដោះគោ (MPA) ដើម្បីទិញ និងដោះស្រាយបញ្ហាទឹកដោះគោដែលសល់លើសចំណុះ ប៉ុន្តែក្រុមសហករណ៍ដែលទទួលរងផលប៉ះពាល់នៅក្នុងបញ្ហានេះផ្ទាល់នៅតែមិនទាន់ទទួលបានដំណោះស្រាយដែលសមស្របណាមួយឡើយ។
.jpg)
អាស្រ័យហេតុនេះ សមាគមសហករណ៍ទឹកដោះគោថៃ ស្នើឲ្យថ្នាក់ដឹកនាំថៃពិចារណារកវិធីដោះស្រាយ ដើម្បីធានាថា សហករណ៍នឹងទទួលបានប្រាក់សំណងថ្លៃទឹកដោះគោ ដូចការព្រមព្រៀងគ្នាក្នុង MOU និងស្នើសុំឱ្យ MPA បែងចែកប្រាក់មកឲ្យសហករណ៍ផង ដើម្បីពួកគេយកទៅរំដោះបំណុលបានខ្លះ។
យ៉ាងណាក៏ដោយ សមាជិកសហករណ៍ទាំងនោះបានគូសបញ្ជាក់ថា ប្រសិនបើពួកគេនៅតែមិនទទួលបានចម្លើយច្បាស់លាស់ទៀត នោះក្រុមសហករណ៍នឹងប្រមូលផ្តុំគ្នាម្ដងទៀតនៅមុខវិមានរដ្ឋាភិបាល ដើម្បីសួរនាំអំពីបញ្ហានេះដោយផ្ទាល់តែម្ដង៕
 
		 
	









