ចាប់តាំងពីមានជម្លោះបែកបាក់ជាមួយអតីតស្វាមី រួមទាំងបង្ហាញមុខមាត់គូស្នេហ៍ថ្មី ដើរលេងជាមួយគ្នាដោយបើកចំហរ តារាចម្រៀង មាស សុខសោភា បានធ្វើឱ្យរឿងឯកជនរបស់ខ្លួនក្លាយជារឿងអាស្រូវធំបំផុតនៅក្នុងអាជីពសិល្បៈរបស់ខ្លួនរយៈពេលជាង២០ឆ្នាំ។
ជាថ្មីម្តងទៀតតារាចម្រៀង មាស សុខសោភា បានបង្ហាញប្រតិកម្មនៅលើបណ្តាញសង្គមបន្ទាប់ពីរូបនាងនិងគូស្នេហ៍ថ្មីដើរកម្សាន្តជាមួយគ្នាពោរពេញដោយភាពផ្អែមល្ហែម ស្របពេលអ្នកលេងបណ្តាញសង្គមនៅតែបន្តការវែកញែក។ ម្ចាស់បទ «ឧត្តមស្វាមី» បានសរសេរនៅថ្ងៃទី២៥ ខែកញ្ញា នេះថា «អ្នកគ្រប់គ្នាចោទប្រមាថមនុស្សដែលជួយស្រោចស្រង់ជីវិតរបស់នាងខ្ញុំថាចេះអាគមនដាក់មកលើរូបនាងខ្ញុំ ចុះគ្រប់គ្នាដែលចូលចិត្តនាងខ្ញុំ ស្រលាញ់នាងខ្ញុំគ្រប់គ្នានឹង តើនាងខ្ញុំចេះអាគមធ្វើស្នេហ៍ដាក់អ្នកទាំងអស់គ្នាដែរឬ? នាងខ្ញុំមិនត្រូវការក្តីស្រលាញ់ណាដែលចូលមករំខាននិងប្រមាថដល់សិទ្ធឯកជនរបស់នាងខ្ញុំនោះទេ»។

នៅក្នុងខ្លឹមសារដែលបានបង្ហោះអ្នកនាង មាស សុខសោភា បានបញ្ជាក់ទៀតថារឿងសិទ្ធិឯកជនរបស់នាងមិនមែនត្រូវឱ្យអ្នកទាំងអស់គ្នាចូលមកបញ្ជារឬហួងហែងទៅតាមអារម្មណ៍ផ្លូវចិត្តរបស់អ្នកចង់បាននោះឡើយ។ តារាចម្រៀងរូបនេះបានឱ្យដឹងថាចាប់ពីពេលនេះទៅអ្នកដែលចូលមកប្រមាថដល់នាងគឺសុទ្ធតែជាសត្រូវ មិនមែនជា fan ពិតប្រាកដនោះទេ ហើយសុទ្ធតែជាមនុស្សមិនគ្រប់លក្ខណៈ ជាមនុស្សដែលមិនស្គាល់ខុសត្រូវ មិនស័ក្តិសមនិងឱ្យនាងផ្តល់តំលៃទៅឱ្យពួកគេថាជា fan ដែលគួរឱ្យគោរពទៀតឡើយ។

តារាចម្រៀង មាស សុខសោភា ថា បើគិតថានាងខុស ឬក៏អស់ក្តីមេត្តាមកលើរូបនាងក៏ដោយ តែកុំចូលមកប្រមាថមនុស្សរបស់នាងទៀត ហើយឈប់គាំទ្រសម្លេងនាងតទៅទៀតចុះ ដើរចេញឱ្យផុតកុំចូលមកសាងបាបដាក់ខ្លួនអី។ តារាចម្រៀងមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូបនេះបានរៀបរាប់យ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមរបស់ខ្លួនព្រោះតែមិនពេញចិត្តដែលឃើញមនុស្សជាច្រើនបានប្រមាថគូស្នេហ៍របស់ខ្លួន។

នេះមិនមែនជាលើកទី១នោះទេដែលតារាចម្រៀង មាស សុខសោភា កើតក្តីខឹងសម្បាររបស់ខ្លួនប្រតិកម្មតបតទៅកាន់អ្នកលេងបណ្តាញសង្គមព្រោះតែគូស្នេហ៍ថ្មីហៅថា តាសក់សភ្នំត្បែង។ ចាប់តាំងពីប្រឡូកនៅក្នុងអាជីពសិល្បៈជាង២០ឆ្នាំជីវិតឯកជនចុងក្រោយនេះរបស់ អ្នកនាង មាស សុខសោភា ក្លាយជារឿងអាស្រូវដ៏ធំរបស់តារាចម្រៀងរូបនេះ។
មិនធ្លាប់ប្រឡូកប្រឡាស់នឹងរឿងអាស្រូវធ្ងន់ធ្ងរ មានតែការស្រលាញ់ពីទស្សនិកជន ជារៀមច្បងមួយរូបដែលទទួលបានការគោរពស្រលាញ់ច្រើនប៉ុន្តែអ្នកនាង មាស សុខសោភាព ប្រឈមនឹងរឿងអាស្រូវឯកជនចាប់តាំងពីមានជម្លោះជាមួយអតីតស្វាមី លោក អិត រ៉ាដា មានការចោទប្រកាន់អតីតស្វាមីជាច្រើនរួមទាំងផ្តើមស្នេហាថ្មីជាមួយនឹងមនុស្សដែលមហាជនមិនពេញចិត្ត៕










