ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ភ្ញៀវទេសចរខកបំណងយ៉ាងខ្លាំងពុំហ៊ានមកកម្សាន្ត ឬចុះលេងទឹកសមុទ្រនៅឆ្នេរបាងសែន ស្ថិតក្នុងឃុំសែនសុខ ស្រុកមឿង ខេត្តឈុនបុរី ដោយសារនៅលើឆ្នេរខ្សាច់មានសំរាមច្រើនពេកបណ្តាលឱ្យកខ្វក់ខ្លាំង ។ អាជ្ញាធរខេត្តព្យាយាមប្រមូលសំរាមសម្អាតឆ្នេរឡើងវិញដើម្បីស្តារមុខមាត់ប្រទេសជាតិដែលធ្លាប់ទាក់ទាញភ្ញៀវទេសចរ និងមានសណ្តាប់ធ្នាប់ក្នុងការបោះចោលសំរាម ។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នេរបាងសែនដ៏ល្បីល្បាញរបស់ថៃពោរពេញទៅដោយសំរាមយ៉ាងច្រើននៅលើខ្សាច់ និងគ្មានភ្ញៀវទេសចរមកបោះតង់សម្រាក ឬទទួលទានអាហារដូចមុនទេ ដោយសារគ្មានខ្យល់បរិសុទ្ធ និងមានគំរាមសំរាមជុំវិញខ្លួន ។ សំរាមជាច្រើនប្រភេទត្រូវបានទឹករលកបោកបក់មកលើខ្សាច់ ដូចជា ៖ ថង់ផ្លាស្ទិកច្រកចំណីអាហារ កែវភេសជ្ជៈ ដបទឹក និងកំទេចកំទីឈើ ជាហេតុធ្វើឱ្យអាជ្ញាធរខេត្តឈុនបុរីបញ្ជូនកម្លាំងមកប្រមូលសំរាមតាមឆ្នេរជាបន្ទាន់ ។
អាជីវករនៅឆ្នេរបាងសែន លោក វិឆ័យ ប្លៀនប្រាសឺត អាយុ៧១ឆ្នាំ និយាយថា សំរាមទាំងនេះត្រូវបានខ្យល់បក់មកពីកន្លែងផ្សេង ហើយក្រោយពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកភ្លៀងលាយសំរាមហូរចូលសមុទ្រ ។ បន្ទាប់មក ទឹករលកក៏បោកបក់សំរាមឡើងលើខ្សាច់វិញ ទើបធ្វើឱ្យឆ្នេរនេះពោរពេញដោយសំរាមយ៉ាងច្រើន ពេលភ្ញៀវទេសចរឃើញ ក៏លែងហ៊ានលេងទឹកសមុទ្រ ។ តាមពិត វាជាធម្មជាតិដែលខ្យល់បក់សំរាមមកពីកន្លែងផ្សេង វាមិនមែនជាសំរាមរបស់ភ្ញៀវទេសចរបោះចោលទេ ពីព្រោះនៅទីនេះ មានធុងសំរាមគ្រប់កន្លែង ។
លោកចង់ផ្តាំផ្ញើទៅអ្នករស់នៅតាមមាត់ប្រឡាយ ឬនៅជិតសមុទ្រ ត្រូវចោលសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ កុំចោលសំរាមក្នុងទឹក ពីព្រោះបើមានភ្លៀងធ្លាក់វានឹងនាំសំរាមហូរចូលក្នុងសមុទ្រ ។ នេះជាការបំពុលបរិស្ថាន និងបំផ្លាញធនធានធម្មជាតិ រួមទាំងសត្វផ្សេងៗរស់នៅក្នុងសមុទ្រ ។
ចំណែកលោក ណាត់ថាផុង ជេមក្រាចាង អាយុ៤៤ឆ្នាំ ជាភ្ញៀវទេសចរនិយាយថា លោកបានធ្វើដំណើរមកឆ្នេរសមុទ្របាងសែនកាលពីថ្ងៃទី២១ ខែកញ្ញា ប៉ុន្តែពេលមកដល់ ស្រាប់តែឃើញសំរាមយ៉ាងច្រើនលើខ្សាច់ ។ កន្លងមក លោកតែងតែឃើញឆ្នេរនេះមានភាពស្រស់ស្អាត ប៉ុន្តែមកលើកនេះខកបំណងយ៉ាងខ្លាំង ងាកទៅណាឃើញតែសំរាម ទើបពុំហ៊ានលេងទឹកសមុទ្រ ។
អាជ្ញាធរខេត្តឈុនបុរីបានបញ្ជូនកម្លាំងមកប្រមូលសំរាមតាមឆ្នេរ រួចហើយ ដាក់ក្នុងរថយន្តយកទៅបោះចោល ដើម្បីធ្វើឱ្យទេសភាពមាត់សមុទ្រត្រឡប់មកស្អាត មានខ្យល់បរិសុទ្ធដូចមុន ។ ទោះយ៉ាងណា ភ្នាក់ងារប្រមូលសំរាមពុំអាចសម្អាតឆ្នេរទាន់ពេលវេលាទេ និងសំណូមពរភ្ញៀវទេសចរចោលសំរាមឱ្យបានត្រឹមត្រូវ ក៏ដូចជាសំណូមពរឱ្យអាជីវករនៅឆ្នេររក្សាអនាម័យ ចោលសំរាមក្នុងហាងរបស់ខ្លួន និងចូលរួមសម្អាតឆ្នេរជាមួយអាជ្ញាធររៀងរាល់ថ្ងៃអង្គារ ៕
 
		 
	









