សកម្មភាពរបស់បវរកញ្ញា កុយ អេនណា ស្រ្តីខ្មែរដំបូងដែលធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបក្នុងសកម្មភាពសប្បុរសធម៌ពិតជាធ្វើឱ្យមនុស្សជាច្រើនជ្រួលជ្រាបយ៉ាងខ្លាំង។ ងាកមកកាន់រៀមច្បង រ៉េត សារីតា វិញបានសម្តែងការស្ងប់ស្ញែងយ៉ាងខ្លាំងមកកាន់ កុយ អេនណា ដ្បិតថាបើធ្វើដំណើរដោយម៉ូតូក៏នាងមិនអាចធ្វើរួចដែរកុំថាឡើយដើរ។
.png)
នៅថ្ងៃទី១៩ ខែកញ្ញា កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 បានបង្ហោះសំណេរមួយនៅលើផេកផ្លូវការថា «Status នេះសូមផ្ញើជូនជាពិសេសដល់អូន Koy Anna។ ខ្ញុំបានតាមដានដំណើរបស់គាត់តាំងពីថ្ងៃដំបូង ខ្ញុំសូមសរសើរដោយស្មោះអស់ពីចិត្ត។ កុំថាឡើយដើរ ជិះម៉ូតូក៏ខ្ញុំធ្វើមិនរួចដែរ។ ខ្ញុំសូមអបអរនិងជូនពរពីចង្ងាយ»។ 
ខ្លឹមសារគាំទ្រនិងលើកទឹកចិត្តពីរៀមច្បងក្នុងវិស័យបវរកញ្ញា បានធ្វើឱ្យ កុយ អេនណា បានបង្ហាញការរំភើបចិត្តដូចគ្នា ខណៈនាងបានបញ្ជាក់ថា រ៉េត សារីតា គឺបុគ្គលគំរូដ៏ល្អសសម្រាប់នាងដូចគ្នា។ កុយ អេនណា បានចូលខម្មិនលើកការបង្ហោះរបស់ រ៉េត សារីតា ថា «ដោយក្តីគោរព និងអរគុណបងស្រីចំពោះការសេចក្តីស្រលាញ់ជូនពរប្អូន ក្នុងដំណើរមួយនេះ បងស្រីក៏ជាបុគ្គលគំរូដ៏ល្អរបស់ប្អូនដូចគ្នា»។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែកញ្ញា គឺមានរយៈពេល១៦ថ្ងៃហើយដែល កុយ អេនណា បានធ្វើដំណើរថ្មើរជើងពោរពេញដោយក្តីស្រលាញ់និងក្តីសង្ឃឹមដើម្បីជួយកុមារ និងជនពិការ និង ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។ ពីមួយជំហានទៅមួយជំហានរបស់ កុយ អេនណា ដែលលះបង់សម្រស់ ភាពសុខស្រួល រួមទាំងសុខភាពគឺពិតជាធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង។ តាមការបញ្ជាក់ពី កុយ អេនណា រូបនាងបានធ្វើដំណើរចូលដល់ទឹកដីខេត្តសៀមរាបហើយ៕
 
		 
	









