ប្រទេសថៃ ៖ ក្រោយពីសមត្ថកិច្ចថៃប្រព្រឹត្តអំពើហិ.ង្សា និងប្រើប្រាស់អាវុ.ធគ្រប់ប្រភេទមកលើពលរដ្ឋ និងព្រះសង្ឃខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួស និងសន្លប់ជាច្រើននាក់ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន និយាយថា កងទ័ពថៃមានអំណាចសម្រេចចិត្តលើបញ្ហាព្រំដែនខេត្តស្រះកែវ ទោះជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធភាពក្តី ប៉ុន្តែថៃត្រូវតែរក្សាផលប្រយោជន៍ជាតិ ។
នៅសភាពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មានថា កងទ័ពថៃជាអ្នកចាត់វិធានការនៅព្រំដែនខេត្តស្រះកែវ ហើយគ្មានការបើកព្រំដែនឡើយ ។ លោកសន្យាថា រដ្ឋាភិបាលនឹងស្តាប់មតិកងកម្លាំងនៅព្រំដែន បើទោះជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ឱ្យជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃក្តី ពីព្រោះថៃត្រូវតែរក្សាផលប្រយោជន៍ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។
លោកបន្តថា កងទ័ពជាអ្នកចាត់វិធានការ និងរាយការណ៍ពីបញ្ហានៅព្រំដែនខេត្តស្រះកែវ ខណៈច្បាប់អាជ្ញាសឹកបានប្រកាសនៅតំបន់នេះរួចហើយ ដូច្នេះ អំណាចសម្រេចចិត្ត គឺស្ថិតនៅលើកងទ័ព ។ បច្ចុប្បន្ន លោកពុំទាន់គ្រប់គ្រងរដ្ឋាភិបាលជាផ្លូវការទេ ប៉ុន្តែលោកសន្យាជាមួយពលរដ្ឋ និងផ្នែកទទួលខុសត្រូវសន្តិសុខថា បើរដ្ឋាភិបាលរបស់លោកចូលមកគ្រប់គ្រងប្រទេសជាផ្លូវការ គឺរដ្ឋាភិបាលនឹងស្តាប់ពីបញ្ហាសន្តិសុខនៅព្រំដែនដោយផ្ទាល់ ខណៈការបើកព្រំដែនឡើងវិញ គឺពុំទាន់បើកនៅឡើយទេ ។
ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ឱ្យជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លោក អនុថីន និយាយថា មេដឹកនាំគ្រប់ប្រទេសត្រូវតែរក្សាផលប្រយោជន៍ជាតិរបស់ខ្លួន គឺដូចគ្នានឹងមេដឹកនាំថៃ ក៏ត្រូវរក្សាផលប្រយោជន៍ អធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋថៃ ហើយលោកនឹងប្រកាន់ខ្ជាប់នូវគោលជំហរនេះមិនផ្លាស់ប្តូរ ។
គួរបញ្ជាក់ថា កងទ័ពថៃកាន់តែបញ្ចេញសណ្តានព្រៃផ្សៃឱ្យពិភពលោកបានឃើញច្បាស់ ក្រោយពីពួកគេប្រព្រឹត្តអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង ឧបករណ៍បំពងសំឡេង ជំពាមកៅស៊ូគ្រាប់ឃ្លី ឧស្ម័នបង្ហូរទឹកភ្នែក ខែល និងកាំភ្លើងវែងខ្លី មកលើពលរដ្ឋខ្មែរកាលពីថ្ងៃទី១៧ ខែកញ្ញា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្រៅពីនេះ កងទ័ពថៃថែមទាំងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា កម្ពុជាបង្កប់មីនថ្មីជាបន្តបន្ទាប់ ក៏ដូចជាចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យខ្លួននៅខេត្តត្រាត ។
កម្ពុជាស្នើឱ្យភាគីថៃចៀសវាងសកម្មភាពទាំងឡាយណាដែលនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណា បង្កបរិយាកាសអំណោយផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ។ ឆ្លៀតឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តសហការជាមួយភាគីថៃនៅគ្រប់កម្រិតដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងពលរដ្ឋទាំងពីរ ៕










