តារាសម្តែង ឌី សូនីត្តា បានចែករំលែកកម្រងវីដេអូនៃការពរពោះកូនដំបូងរបស់ខ្លួនជាមួយនឹងស្ថានភាពដ៏លំបាកហើយក្រុមគ្រូពេទ្យមិនជំរុញឱ្យនាងមានកូននៅក្នុងកំឡុងពេលមានវិបត្តិផ្លូវចិត្តរួមទាំងជំងឺជាច្រើនទៀតព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់។
បំពេញតួនាទីជាម្តាយផង ឪពុកផង តារាសម្តែង ឌី សូនីត្តា ពុំធ្វើឱ្យកូនស្រីបណ្តូលចិត្តតែមួយលំបាកនោះទេ ដោយផ្តល់នូវសេចក្តីស្រលាញ់ការមើលថែយ៉ាងដិតដៅនិងរស់នៅពោរពេញដោយសុភមង្គលជាមួយគ្នា។ កូនស្រីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែស្រស់ស្អាតនិងវៃឆ្លាតគួរឱ្យស្រលាញ់។ ការរីកធំធាត់របស់កូនស្រីគឺពិតជាធ្វើឱ្យ ឌី សូនីត្តា ជាម្តាយសប្បាយចិត្តខ្លាំងសមនឹងអ្វីដែលនាងពុះពារកន្លងមក។
ឌី សូនីត្តា បានចែករំលែកពីកម្រងវីដេអូអនុស្សាវរីយ៍ពីការពរពោះកូនស្រីរបស់ខ្លួនឡើងវិញដោយទម្លាយថានាងមានជំងឺជាច្រើនមុខនាអំឡុងពេលនេះ។ តារាស្រីរូបនេះបាននិយាយរៀបរាប់ថា «ពេលមើលវីដេអូនេះឡើងវិញម្តងណា ក៏ខ្ញុំមានមោទនភាពលើខ្លួនឯងដែរ ខ្ញុំធ្វើបានដោយរបៀបណា? ទាំងដែលពេលហ្នឹងមានជំងឺពេញខ្លួន»។ តារាសម្តែងរូបនេះបានបញ្ជាក់ថា នាពេលនោះនាងមានជំងឺបាក់ទឹកចិត្ត ជំងឺគីសទ្រូង គីសដៃស្បូន ក្រពះពោះវៀន រលាកតម្រងនោម ក្រលៀនខ្សោយ សន្លាក់ប្រអប់ជើង រួមទាំងវិបត្តិផ្លូវចិត្ត»។
ឌី សូនីត្តា ថាការយកកូនចំពេលមានជំងឺច្រើនបែបនេះគ្មានពេទ្យណាគាំទ្រឱ្យយកកូនទេ ប៉ុន្តែជីវិតមួយនេះវាតែងតែឱ្យនាងជ្រើសរើសជានិច្ច។ ទោះបីជាមានការលំបាកខ្លាំងអំឡុងពេលពរពោះ ឌី សូនីត្តា ថាការសម្រេចចិត្តនេះគឺនាងមិនដែលស្តាយក្រោយទេដែលជ្រើសរើសយកនាងតូចម្នាក់នេះ អ្វីដែលនាងស្តាយតែមួយគត់គឺបេះដូង។ 
ទោះបីជាឃ្លាចុងក្រោយបង្កប់នូវការលាក់កំបាំងបន្តិចក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនបានសម្តែងការកោតសរសើរពី ឌី សូនីត្តា ជាមាតាមួយរូបដែលមានការលះបង់និងតាំងចិត្តខ្លាំងសម្រាប់កូនស្រីទោះបីជាប្រឈមនឹងស្ថានភាពសុខភាពជាច្រើនក្នុងពេលដំណាលគ្នា៕










