កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃប្រដាប់ដោយអាវុធបានបំពានចូលទឹកដីកម្ពុជាដើម្បីព័ទ្ធយកដីពលរដ្ឋនៅព្រំដែនភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបានពលរដ្ឋកម្ពុជាប្រឈមមុខយ៉ាងរឹងមាំដោយមានការការពារពីកងកម្លាំងប្រដាប់អាវុធកម្ពុជា ។ ពលរដ្ឋកម្ពុជាបានប៉ះពាក្យសម្តីធ្ងន់ៗជាមួយកងទ័ពឈ្លានពានថៃ និងវាយកម្ទេ.ច រុះរើបន្លាលួសចេញ ថែមទាំងបណ្តេញកងទ័ពឈ្លានពានថៃចេញពីទឹកដីកម្ពុជាផងដែរ ។
ការប៉ះពាក្យសម្តីគ្នារវាងពលរដ្ឋកម្ពុជា និងកងទ័ពឈ្លានពានថៃ ត្រូវបានសារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយចោទប្រកាន់ពលរដ្ឋនៅភូមិព្រៃចាន់បង្កចលាចល និងរារាំងការរាយបន្លាលួសរបស់កងទ័ពថៃ ។ ក្រោយការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៧ ខែកញ្ញា អភិបាលខេត្តស្រះកែវ លោក បរិញ្ញា ផូធិសាត់ គំរាមថា នឹងបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបពលរដ្ឋខ្មែរដែលរុះរើបន្លាលួសនៅព្រំដែនខេត្តស្រះកែវ ។
នៅថ្ងៃទី១៧ ខែកញ្ញា លោក បរិញ្ញា ផូធិសាត់ អភិបាលខេត្តស្រះកែវ រួមទាំងអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរមកទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា តាមស្ពានមិត្តភាពកម្ពុជា-ថៃ ទល់មុខច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីប្រជុំជាមួយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី និងមន្ត្រីកម្ពុជា ។
ការចូលរួមកិច្ចប្រជុំនេះ គឺក្រោយពីលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាឱ្យអភិបាលខេត្តស្រះកែវពិភាក្សាបញ្ហាព្រំដែនជាមួយកម្ពុជា ក្រោយពីកងទ័ពឈ្លានពានថៃយកបន្លាលួសមករាយនៅព្រំដែនភូមិណងញ៉ាកែវ ឃុំណូនម៉ាកនុម ស្រុកខូកស៊ូង ខេត្តស្រះកែវ ប៉ុន្តែត្រូវបានពលរដ្ឋកម្ពុជារុះរើបន្លាលួសចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ។
នេះជាការប្រជុំលើកទី១ ក្រោយពីអភិបាលខេត្តស្រះកែវ លោក បរិញ្ញា ផូធិសាត់ បានផ្ញើលិខិតមកកាន់អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីឱ្យបណ្តេញពលរដ្ឋខ្មែរចេញពីភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាប់ព្រំដែនភូមិណងចាន់ ឃុំណូនម៉ាកនុម ស្រុកខូកស៊ូង ខេត្តស្រះកែវ) ដោយចោទប្រកាន់ពលរដ្ឋខ្មែរល្មើសចូលទឹកដីថៃ ។
អភិបាលខេត្តស្រះកែវគំរាមថា បើពលរដ្ឋខ្មែរនៅតែបន្តរុះរើបន្លាលួស និងរារាំងកងទ័ពថៃ លោកនឹងបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបដើម្បីឱ្យតំបន់ព្រំដែនមានសណ្តាប់ធ្នាប់មុនថ្ងៃទី២៦ ខែកញ្ញា ដែលថៃត្រៀមបញ្ជូនកងទ័ពមកចាត់ការបញ្ហាព្រំដែនក្នុងពេលជាមួយគ្នា ៕










