បាងកក៖ ភាពយន្តឯកសាររបស់ទូរទស្សន៍ BBC ថ្មីមួយដែលមានចំណងជើងថា “Thailand: The Dark Side of Paradise” ឬដែលមានន័យថា «ប្រទេសថៃ: ផ្នែកខ្មៅងងឹតនៃស្ថានសួគ៌» បានបង្កឱ្យមានភាពចម្រូងចម្រាស និងទាក់ទាញមតិរិះគន់យ៉ាងខ្លាំងពីសំណាក់ជនជាតិថៃ ក្រោយភាពយន្តនេះបានឆ្លុះបញ្ជាំងពីប្រទេសនៅក្នុងផ្លូវអវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។.jpg)
នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2025 ប្រភពខាងលើនេះបានឲ្យដឹងថា កម្មវិធីដែលបានចាក់ផ្សាយនាពេលថ្មីៗនេះរបស់ BBC នៅក្នុងចក្រភពអង់គ្លេសបានលាតត្រដាងពីបញ្ហាចាក់ស្រេសជាច្រើនដូចជាឧ.ក្រិដ្ឋ.កម្ម ការកេ.ងប្រវ័ញ្ច អំពើពុ.ករលួយ អំពើពេ.ស្យាចា.រ និងជីវិតពេលរាត្រីនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ថៃ។.jpg)
ទស្សនិកជនដែលជាជនជាតិថៃជាច្រើននាក់បានសម្តែងការខកចិត្តតាមប្រព័ន្ធអ៊ីនធឺណេត ដោយចោទប្រកាន់ភាពយន្តឯកសារនេះថាបំផ្លើសបញ្ហា និងមិនបានបង្ហាញពីទិដ្ឋភាពវិជ្ជមានរបស់ប្រទេសថៃ។ អ្នករិះគន់ទាំងនោះបាននិយាយថា កម្មវិធីនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងពេលដែលប្រទេសពួកគេកំពុងធ្វើការដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីមានវិបត្តិនៃជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រភាពយន្តឯកសារបានចេញមកការពារការរាយការណ៍របស់ BBC ដោយនិយាយថា បញ្ហាដែលBBC បានបង្ហាញទាំងឡាយ រាប់ចាប់ពីការជួញដូរមនុស្សរហូតដល់ការបោកប្រាស់ដែលផ្តោតលើភ្ញៀវទេសចរ គឺជាក្ដីបារម្ភពិតប្រាកដដែលសមនឹងទទួលបានការយកចិត្តទុកដាក់ពីអន្តរជាតិ។ ពួកគេបានអះអាងទៀតថា ការទទួលស្គាល់បញ្ហាទាំងនេះ គឺជារឿងចាំបាច់ប្រសិនបើថៃចង់ដោះស្រាយវាឲ្យមានប្រសិទ្ធភាព។
.jpg)
ទន្ទឹមនឹងនេះ ការជជែកវែកញែកអំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបង្ហាញពីប្រទេសថៃនេះក៏កំពុងបន្តយ៉ាងក្ដៅគគុក ដោយមន្ត្រីនិងអ្នកតស៊ូមតិផ្នែកទេសចរណ៍ថៃបានសង្កត់ធ្ងន់ឲ្យមានការរាយការណ៍ និងប្រមូលទិន្នន័យប្រកបដោយតុល្យភាព។
យ៉ាងណាមិញ បើទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់ពលរដ្ឋថៃយ៉ាងណាក៏ដោយ ក៏ BBC មិនបានឆ្លើយតបជាសាធារណៈចំពោះការទាមទារនេះដែរ ចំពេលដែលការពិភាក្សាអំពីផលប៉ះពាល់នៃឯកសារនេះនៅតែបន្តផ្សព្វផ្សាយទាំងតាមអ៊ីនធឺណិត និងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ៕










