កាលពីយប់ថ្ងៃទី៦ ខែកញ្ញា តារាទិកតុក នូឌី បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូហើយម្ខាងទៀតបានស្លាប់ក្នុងហេតុការណ៍នេះ ខណៈ នូឌី ស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន។ ទោះយ៉ាងណាហេតុការណ៍នេះមានមនុស្សជាច្រើនរួមទាំងសក្សីនៅកន្លែងកើតហេតុបានអះអាងថា នូឌី ពុំមែនជាអ្នកបង្កនោះទេ។ តារាចម្រៀង សុខ ពិសី លោក ណុប បាយ៉ារិទ្ធ លោក ករុណា ពេជ្រ រួមទាំងលោក ទ្រី សក្កដា បានផ្តល់កម្លាំងចិត្តរួមទាំងទាមទាររកយុត្តិធម៌សម្រាប់ នូឌី។
នៅថ្ងៃទី៧ ខែកញ្ញា តារាចម្រៀង សុខ ពិសី បានបង្ហោះរូបជាមួយ នូឌី ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា «ស៊ូស៊ូ ណាកូន អ្វីៗនឹងប្រសើរវិញ»។ ងាកទៅកាន់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងថា «សង្ឃឹមថាច្បាប់នឹងផ្តល់នៅភាពយុត្តិធម៌សម្រាប់រឿងនេះ សូមបែងចែកឱ្យដាច់រវាងជនបង្កគ្រោះ និង ជនរងគ្រោះ ។ ដើម្បីឱ្យច្បាប់កាន់តែមានតម្លាភាព ខ្ញុំសង្ឃឹមជឿជាក់លើអាជ្ញាធរមានសមត្ថកិច្ចសូមលោកស៊ើបអង្កេតឱ្យបានដិតដល់ ដើម្បីផ្តល់នៅភាពយុត្តិធម៌ដល់ភាគីដែលគ្មានកំហុស ហើយស្វែងរកឃើញការពិតថាតើភាគីមួយណាគឺជាជនរងគ្រោះពិតប្រាកដ។ អាយុជីវិតពិតជាសំខាន់ តែការគោរពច្បាប់ក្នុងការបើកបរគឺរឹតតែសំខាន់ គោរពច្បាប់ចរាចរណ៍គឺគោរពអាយុជីវិតគ្នាទៅវិញទៅមក»។
សម្រាប់លោក ទ្រី សក្កដា ហៅអាដា សក្កដា បានបង្ហោះនៅលើបណ្តាញសង្គមដែរថា «នាងក៏ជាជនរងគ្រោះ ហេតុអ្វីបានចាប់នាងឃុំ? តាមវីដេអូកាម៉េរាសុវត្ថិភាព បុរសម្នាក់នោះបើកលឿនដូចហោះ! សូមផ្លូវច្បាប់ជួយដោះលែងនិងផ្តល់យុត្តិធម៌ឱ្យនាងផង ! ចូលរួមរំលែកទុក្ខដល់គ្រួសារដែលបាត់បង់សមាជិកក្នុងហេតុការណ៍នេះផង ។ រក្សារផ្លូវចិត្តឱ្យល្អណាអូន នូឌី»។
មិនខុសពីសិល្បករ សិល្បការិនី ខាងលើតារាចម្រៀង ករុណា វិញក៏បានផ្តល់កម្លាំងចិត្តនិងស្នើឱ្យសមត្ថកិច្ចផ្តល់ភាពយុត្តិធម៌ដល់ នូឌី។ លោកបានបង្ហោះថា«ខ្ញុំជឿជាក់លើច្បាប់នឹងមានយុត្តិធម៌សំរាប់អូន នូឌី ។ នូឌី គាត់គឺជាជនរងគ្រោះគាត់ជិះម៉ូតូយឺតៗតែឯងតែគេមកបុកគាត់ហើយអ្នកបើកម៉ូតូបុកគាត់ក្នុងកំរិតបើកល្បឿនលឿននិងប្រកបដោយស្ថានភាពស្រវឹងខ្លាំង តែពេលនេះអ្នកបង្កគ្រោះថ្នាក់បានស្លាប់ហើយ សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព និង សូមវិញ្ញាណក្ខន្ធរបស់លោកជួយថែរក្សាជនរងគ្រោះ Noudy បានរួចផុតពីបញ្ហានេះផង រឹងមាំណា នូឌី។
គួរបញ្ជាក់ផងដែរថា នូឌី មានឈ្មោះពិតថា នាង សុភ័ក្របញ្ញា ធ្លាប់ប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥។ នូឌី ជាអ្នកប្រម៉ូតផលិតផលរួមទាំងសម្តែងកំប្លែងខ្លីបង្ហោះនៅលើបណ្តាញសង្គម៕