ប្រទេសអាហ្វហ្គានីស្ថាន ៖ គ្រោះរញ្ជួយដីបានវាយប្រ.ហារប្រទេសអាហ្វហ្គានីស្ថាន រហូតដល់៣លើកត្រឹមតែរយៈពេល៦ថ្ងៃ ដែលបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថានស្លា.ប់កើនឡើងរហូតដល់ជាង២,២០០នាក់ ខណៈការជួយសង្គ្រោះជនរងគ្រោះយឺតយ៉ាវ ដោយសារផ្លូវធ្វើដំណើរទៅកាន់ភូមិឆ្ងាយៗសម្បូរភ្នំ និងបាក់ដី ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។

កាលពីយប់ថ្ងៃទី៤ ខែកញ្ញា មានគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រ នៅតំបន់ដាច់ស្រយាលភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថាន ដែលនេះជាគ្រោះរញ្ជួយដីលើកទី៣ ក្នុងរយៈពេលត្រឹមតែ៦ថ្ងៃ ខណៈគ្រោះរញ្ជួយដីខ្លាំងបំផុតបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ។ គ្រោះរញ្ជួយដីទាំង៣លើកបានបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថានស្លាប់រហូតដល់ជាង២,២០០នាក់ និងរងរបួសជាង៣,៦០០នាក់ ។
.jpg)
កម្លាំងរំញ័រកើតឡើងដោយសារគ្រោះរញ្ជួយដីធ្វើឱ្យពលរដ្ឋនៅខេត្តណានកាហា និងខេត្តគុណា ភ័យស្លន់ស្លោរត់គេចពីលំនៅឋានភ្លាមៗ ។ បើតាមសេចក្តីរាយការណ៍របស់មន្ទីរពេទ្យក្នុងតំបន់ឱ្យដឹងថា ពលរដ្ឋរងរបួសចំនួន១៧នាក់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តគុណា ។.jpg)
រដ្ឋាភិបាលតាលីបង់បញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានពោរពេញទៅដោយភ្នំ និងការបាក់ដី ទើបធ្វើឱ្យភ្នាក់ងារសង្គ្រោះពិបាកធ្វើដំណើរទៅភូមិឆ្ងាយៗ ហើយការជួយសង្គ្រោះភាគច្រើនត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រ ថែមទាំងមាន Aftershocks ជាច្រើនលើកក្រោយគ្រោះរញ្ជួយដី ។ កាលពីថ្ងៃទី២ ខែកញ្ញា នៅអាហ្វហ្គានីស្ថានមានគ្រោះរញ្ជួយដីកម្រិត៥.៥រិចទ័រ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះផ្អាកការងារបណ្តោះអាសន្ន ។

បើតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់ លោក Hamdullah Fitrat គឺភ្នាក់ងារសង្គ្រោះនៅតែបន្តស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ខណៈអាជ្ញាធរបានបញ្ជាឱ្យដំឡើងតង់សម្រាប់ពលរដ្ឋស្នាក់នៅក្នុងទីតាំងជាច្រើន ព្រមទាំងចែកចាយស្បៀងអាហារ និងផ្តល់ការថែទាំសុខភាពពលរដ្ឋ ។
ទោះជារដ្ឋាភិបាលតាលីបង់គ្មានការទទួលស្គាល់ជាផ្លូវការពីប្រទេសនានា លើកលែងតែរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលតាលីបង់បានចេញសេចក្តីថ្លែងការណ៍សុំជំនួយពីអន្តរជាតិ ។ អង្គការសហប្រជាជាតិ (UN) ក៏បានផ្តល់ថវិកាសង្គ្រោះបន្ទាន់មកប្រទេសអាហ្វហ្គានីស្ថាន ខណៈអង់គ្លេសសន្យាផ្តល់ប្រាក់ជំនួយជាង១លាន៣សែនដុល្លារ ។
គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ដូចជា ៖ កាលពីឆ្នាំ២០២៣ មានគ្រោះរញ្ជួយដីកម្រិត៦.៣រិចទ័រ នៅទីក្រុងហេរ៉ាត ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង១,៤០០នាក់ ។ មុននេះ កាលពីឆ្នាំ២០២២ គ្រោះរញ្ជួយដីកម្រិត៥.៩រិចទ័រ បានកើតឡើងនៅភាគខាងកើតបណ្តាលឱ្យមនុស្សស្លាប់ជាង១,០០០នាក់ និងរងរបួសជាង៣,០០០នាក់ ៕










